នារីម្នាក់ចូលក្នុងវត្តសារ៉ាវ័ន្ត បាញ់២គ្រាប់ បង្កការភ្ញាក់ផ្អើលនៅខណ្ឌដូនពេញ
ភ្នំពេញ៖ នារីម្នាក់បានទិញកាំភ្លើងខ្លីពីប្រទេសថៃមកបាញ់ចំនួន២គ្រាប់ ដើម្បីបន្ធូរកំហឹងនៅក្នុងវត្តសារ៉ាវ័ន្តមុខកុដិលេខ២៣ ដែលមានព្រះសង្ឃព្រះនាម ពិសី សង្ស័យមានគំនុំជាមួយព្រះសង្ឃបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចមួយខណ្ឌដូនពេញចេញជួយអន្តរាគមន៍ កាលពីម៉ោង០៦និង១៥នាទីល្ងាច ថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តសារ៉ាវ័ន្ត មុខកុដលេខ៣ ស្ថិតក្នុងសង្កាត់ជ័យជម្នះ ខណ្ឌដូនពេញ។
តាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញមាននារីម្នាក់វ័យប្រម៉ាណជា៣០ឆ្នាំ បានមកឈរពីមុខកុដិព្រះសង្ឃលេខ៣ និងបានយកកាំភ្លើងខ្លីមួយដើម បាញ់ចំនួន០២គ្រាប់ សង្ស័យមានគំនុំជាមួយនឹងព្រះសង្ឃ បង្កជាការភ្ញាក់ផ្អើលដល់សមត្ថកិច្ចជួយអន្តរាគមន៍បានទាន់ពេលវេលា និងយកមកសួរនាំនៅអធិការដ្ឋានខណ្ឌដូនពេញ។
តាមប្រភពបានបង្ហើបឲ្យដឹងទៀតថា កន្លងមកប្តីរបស់នារីម្នាក់នេះ បានធ្លាប់ទៅរកព្រះសង្ឃឲ្យធ្វើមន្តអាគមន៍ដាក់ឲ្យប្រពន្ធស្រឡាញ់កាន់តែខ្លាំង លុះដល់ចាប់ពីរកព្រះសង្ឃឲ្យជួយដាក់មន្តអាគមន៍រួចមកប្តីចេះតែឈឺមិនដែលលស់ថ្ងៃសោះ ដោយមានការអន់ចិត្តទើបនាងទៅប្រទេសថៃទិញកាំភ្លើងមួយដើមម៉ាក ( ឡុកអូទ្រីស មីនី)ក្នុងតម្លៃ១៥០០$សហរដ្ឋអាម៉េរិកមកបាញ់ចំនួន២គ្រាប់ដើម្បីបន្ធូរកំហឹងបង្កការភ្ញាក់ផ្អើលដល់ព្រះសង្ឃ និងប្រជាពលរដ្ឋត្រូវសមត្ថកិច្ចចេញជួយអន្តរាគមន៍ និងឃាត់ខ្លួនយកទៅសាមសួរផងដែរ។ បច្ចុប្បន្ននារីក្លាហានចិត្តស្លុយ ត្រូវបានសមត្ថកិច្ចនៃអធិការដ្ឋានខណ្ឌដូនពេញកំពុងធ្វើការសាកសួរបន្ថែម៕ម.ន