កាំកុងត្រូលខេត្តសៀមរាប៖ នំបញ្ចុក ឬចំណីម្ហូបអាហារដាក់លក់នៅក្នុងផ្សារលើធំថ្មី ពុំមានលាយសារធាតុគីមីហាមឃាត់ទេ

អត្ថបទដោយ៖
Kien Sereyvuth

សៀមរាប៖ មន្ត្រីជំនាញកាំកុងត្រូលខេត្តសៀមរាបបានអះអាងថា នំបញ្ចុក ឬចំណីម្ហូបអាហារដែលដាក់លក់នៅក្នុងផ្សារលើធំថ្មី ពុំមានលាយសារធាតុគីមីហាមឃាត់ឡើយ។ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពលើនំបញ្ចុក ឬចំណីម្ហូបអាហារ នៅផ្សារលើធំថ្មី ភូមិដក់ពោធិ៍ សង្កាត់ស្លក្រាម ក្នុងក្រុងសៀមរាបខេត្តសៀមរាប នាព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។

មន្ត្រីជំនាញរបស់លោកពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងនំបញ្ចុក ឬម្ហូបចំណីគ្រប់ប្រភេទ និងទំនិញគ្រឿងឧបភោគបរិភោគមួយចំនួន ដែលដាក់តាំងលក់នៅក្នុងផ្សារឡើយ។ បន្ទាប់ពីបានធ្វើតេស្ត និងការពិសោធន៍រកសារធាតុគីមីនៅក្នុងម្ហូបអាហារគំរូមួយចំនួន រួមមានដូចជា៖ នំបញ្ចុក ត្រយោងចេក សណ្តែកបណ្តុះ ប្រហុក ផ្អកត្រី គល់ស្លឹកគ្រៃហាន់រួច និងសុពលភាពនៃការប្រើប្រាស់ហួសកាលបរិច្ឆេទគ្រប់ប្រភេទ សំដៅដល់គ្រឿងកំប៉ុង និងអីវ៉ាន់ចាប់ហួយនៅតាមតូបនានាក្នុងផ្សារជាដើម។

លោក បានបន្តទៀតថា ការចុះប្រតិបត្តិការនេះ ក្នុងគោលបំណងធានាឲ្យបាននៅសុវត្ថិភាពនៃការពិសានំបញ្ចុក ឲ្យបានល្អប្រសើរលើផ្នែកសុខភាព នាថ្ងៃអាទិត្យទី០៩ ខែមិថុនា ឆ្នាំ ២០១៩ខាងមុខ គឺជាទិវាពិសានំបញ្ចុកសាមគ្គីជាតិកម្ពុជា។ ដូច្នេះមន្ត្រីកាំកុងត្រូលយើង បានធ្វើការណែនាំត្រួតពិនិត្យដល់បងប្អូនអាជីវករមួយចំនួន ដែលបានលក់នំបញ្ចុកជាលក្ខណៈគ្រួសារ ដើម្បីឲ្យចូលរួមសហការជាមួយនឹងការចុះត្រួតពិនិត្យទំនិញនៅទីផ្សារនេះ ចំពោះម្ហូបអាហារ ដោយផ្តោតលើការយកចិត្តទុកដាក់ជាពិសេស បន្លែ ប្រហុក គ្រឿងផ្សំសម្លនំបញ្ចុក និងសសៃរនំបញ្ចុកជាដើម។

លោក ព្រៅ ខេមរិទ្ធ បានឲ្យថា ជាលទ្ធផលចុះផ្សារនៅព្រឹកនេះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងនំបញ្ចុក និងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី ក៏ក្រុមការងាររបស់លោកនៅតែបន្តការយកចិត្តទុកដាក់នឹងចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវេចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុនទើបជាការប្រសើរ និងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋ អ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ រួមគ្នាទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមីផងដែរ។

លោកបានបញ្ជាក់ទៀតថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់ក្រុមការងារជំនាញរបស់យើង នៅតែបន្តចុះត្រួតពិនិត្យ តាមដាន និងការអប់រំ ដើម្បីសុវត្ថិភាពលើម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕ធ.ដ

ដោយៈ ស៊ាន សុផាត

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner