នាយករដ្ឋមន្ត្រីវៀតណាមអបអរសាទរលោក ប្រាយុទ្ធ ចាន់អូចា ដែលបន្តធ្វើជានាយករដ្ឋមន្ត្រីថៃ
នាយករដ្ឋមន្ត្រីវៀតណាម ង្វៀន សួនហ្វុក កាលពីម្សិលមិញ បានផ្ញើសារអបអរសាទរ លោក ប្រាយុទ្ធ ចាន់អូចា ដែលត្រូវរដ្ឋសភាបោះឆ្នោតផ្តល់សេចក្តីទុកចិត្តឲ្យបន្តធ្វើជានាយករដ្ឋមន្ត្រី ប្រទេសថៃ ក្រោយការបោះឆ្នោត។
ក្នុងសារអបអរសាទរ លោកនាយករដ្ឋមន្ត្រីវៀតណាម សូមសម្តែងនូវការជឿជាក់ថា លោកនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា នឹងចូលរួមចំណែកកាន់តែធំធេង ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិ ប្រែក្លាយថៃទៅរកសន្តិភាព និងអភិវឌ្ឍន៍ ជួយបង្កើនការរីកចម្រើនក្នុងសហគមន៍អាស៊ាន តំបន់ និងពិភពលោក។
លោក ង្វៀន បញ្ជាក់ថា លោកនឹងបន្តធ្វើការជិតស្និទ្ធជាមួយនាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចា ក្នុងការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រវៀតណាម-ថៃ កាន់តែល្អប្រសើរ។
សូមរម្លឹកថា កាលពីថ្ងៃពុធសប្តាហ៍នេះ សមាជិកសភា និងព្រឹទ្ធសភាបានបោះឆ្នោតគាំទ្រឲ្យលោក ប្រាយុទ្ធ ចាន់អូចា ក្លាយជានាយករដ្ឋមន្ត្រីទី២៩ នៃប្រទេសថៃ។ លោក ប្រាយុទ្ធ ត្រូវបន្តធ្វើជានាយករដ្ឋមន្ត្រីស៊ីវិលក្នុងអាណត្តិ៥ឆ្នាំទៀត ពោលគឺចាប់តាំងពីកើតមានរដ្ឋប្រហារយោធាកាលពីឆ្នាំ២០១៤ ដែលនាំឲ្យលោកធ្វើជានាយករដ្ឋមន្ត្រី ក្នុងរបបសឹក រហូតទាល់តែមានាករបោះឆ្នោតជាតិ នៅឆ្នាំ២០១៩នេះ៕ធ.ដ