អាជ្ញាធរខណ្ឌឫស្សីកែវ ចុះរៀបចំសណ្ដាប់ធ្នាប់ ក្រោយមានការរិះគន់ថា ប្រធានផ្សារសាំហាន់ បណ្ដោយឲ្យអាជីវករយកចិញ្ចើមផ្លូវលក់ដូរយ៉ាងអនាធិបតេយ្យ
ភ្នំពេញ៖ លោក ជា ពិសី សមាជិកក្រុមលេខាសម្ដេចតេជោ និងជាអភិបាលខណ្ឌឫស្សីកែវ បានចាត់ឲ្យមន្ត្រីពាក់ព័ន្ធ មានទាំងកម្លាំងនគរបាល ប្រជាការពារ ចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈហើយ បន្ទាប់ពីមានការរិះគន់ចំៗ ពីមជ្ឈដ្ឋានទូទៅៗលើប្រធានផ្សារសាំហាន់ ថាចេះតែដើរយកភាស៊ី និងបណ្ដែតបណ្ដោយឲ្យក្រុមជីវករលក់ដូរគ្រប់ប្រភេទ មកដាក់តាំងតុ គ្រែ ឆ័ត្រ និងទំនិញផ្សេងៗ លើចិញ្ចើមផ្លូវ បណ្ដាលឲ្យកកស្ទះចរាចរណ៍ យ៉ាងអណាធិបតេយ្យ និងបាត់សោភណ្ឌភាពទីក្រុង។
ពាក់ព័ន្ធការចុះរៀបចំសណ្ដាប់ធ្នាប់សាធារណៈ ពីមន្ត្រីពាក់ព័ន្ធ កម្លាំងនគរបាល និងប្រជាការពារ ដើម្បីទប់ស្កាត់រាល់ការរំលោភបំពានផ្សេងៗ ពីក្រុមអាជីវករ ដែលបានយកចិញ្ចើមផ្លូវសាធារណៈរបស់រដ្ឋមកប្រើប្រាស់ធ្វើអាជីវកម្មផ្ទាល់ខ្លួន នោះឃើញថាមានភាពល្អប្រសើរឡើងវិញហើយ ក្រោយពីមានការដឹកនាំបញ្ជាផ្ទាល់ពីលោក ជា ពិសី អភិបាលខណ្ឌ ចាប់ពីចំណុចសណ្ឋាគារបុប្ផារាជធានី ផ្សារសាំហាន់ រហូតមកទល់ជ្រោះបាត់ស្នេហ៍ ស្ថិតក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ បើគិតត្រឹមព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ។
យ៉ាងណាក៏ដោយ បើតាមលោក ជា ពិសី តម្រូវឲ្យក្រុមអាជីវករលក់ដូរទាំងអស់ ដែលបានយកចិញ្ចើមផ្លូវមកប្រើប្រាស់ ត្រូវតែអនុវត្តតាមការណែនាំជានិច្ច របស់រដ្ឋបាលសង្កាត់-ខណ្ឌ ក៏ដូចជា រដ្ឋបាលរាជធានីភ្នំពេញ ទៅតាមការបាញ់គំនូសសញ្ញា ចាប់ពីអក្សចិញ្ចើមផ្លូវប្រវែង១ម៉ែត្រកន្លះ ក្នុងការរក្សាសណ្ដាប់ធ្នាប់ឲ្យមានរបៀបរៀបរយ បើមិនដូច្នេះទេ អាចប្រឈមវិធានការផ្លូវច្បាប់ ដើម្បីចាប់ដកហូតរាល់សម្ភារទាំងឡាយ ដោយមិនទទួលខុសត្រូវលើការខូចខាត ឫបាត់បង់ទ្រព្យសម្បត្តិឡើយ៕ធ.ដ
ដោយៈ ហាស់ កំសាន្ដ