អ្នកដែលពូកែបាញ់បោះសេរី អាចនឹងត្រូវដកបុណ្យស័ក្ដិ និងនាំខ្លួនទៅកាត់ទោស

 

ភ្នំពេញ៖ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានយកសារព្រមានរបស់សម្ដេចតេជោ ហ៊ុន សែន មកបង្ហោះនៅលើ Facebook របស់លោកយ៉ាងដូច្នេះថា «អ្នកពូកែបាញ់បោះយកទៅញាត់គុក ទាំងអស់។ អ្នកហ៊ានបាញ់បោះ ត្រូវអស់បុណ្យស័ក្ដិ និងយកទៅកាត់ទោស»។ ជាការកត់សម្គាល់ អ្នកដែលបាញ់បោះសេរីជាពិសេស ក្នុងជួរកងកម្លាំងប្រដាប់អាវុធ តែងរងការចាប់ខ្លួនជាបន្ដបន្ទាប់ រហូតបញ្ជូនខ្លួនទៅកាន់តុលាការ ដើម្បីកាត់ទោសតាមផ្លូវច្បាប់។ ការបង្ហោះនេះ ធ្វើឡើងបន្ទាប់ពី កិច្ចប្រជុំគណៈរដ្ឋមន្ដ្រី នៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩នេះ ហើយនេះ ក៏ជាបទបញ្ជា របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែនព្រមានដកបុណ្យស័ក្ដិចោល ព្រមទាំងនាំខ្លួនយកទៅកាត់ទោសតាមផ្លូវច្បាប់ ចំពោះជនទាំងឡាយណាដែលពូកែខាងបាញ់បោះសេរី។

ថ្មីៗនេះ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ លោក ឌួង ណាគ្រី ដែលបានបាញ់បោះសេរីទាំងកណ្ដាលអាធ្រាត្រ នៅខណ្ឌច្បារអំពៅ ក៏ត្រូវបានចាប់ខ្លួនបញ្ជូន ទៅកាត់តុលាការ រហូតមានការឃុំខ្លួនដាក់ពន្ធនាគារ បើទោះមានកិច្ចអន្ដរាគមន៍យ៉ាងណាក៏ដោយនោះ។ ដោយឡែក ករណីមួយទៀត កាលពីប៉ុន្មានថ្ងៃមុន មន្ដ្រីយោធាម្នាក់ ដែលបានបាញ់បោះនៅ ខារ៉ាអូខេ ប៊ីហ្គោ ក៏ត្រូវបានឃាត់ខ្លួន និងត្រូវតុលាការចេញដីកាដាក់ពន្ធនាគារ។ តាមរយៈបទបញ្ជារបស់ប្រមុខនៃរាជរដ្ឋាភិបាល នៅថ្ងៃនេះគឺជាសារដាស់តឿនថ្មីមួយ ចំពោះអ្នកប្រើប្រាស់កាំភ្លើងត្រូវមានការប្រុងប្រយ័ត្ន និងជៀសឲ្យផុតពីបទល្មើសមួយនេះ៕

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner