ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារ ថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃសុក្រ ០៥កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៩ នៅសាលាស្រុកសាមគ្គីមានជ័យ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាន ក្នុងស្រុកសាមគ្គីមានជ័យ។ ពិធីនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ អនុប្រធានក្រុមការងារ លោក លោកស្រី សមាជិក សមាជិកាក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកសាមគ្គីមានជ័យជាច្រើនរូបផងដែរ។
មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត បានលើកឡើងថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណ ដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា រាជរដ្ឋាភិបាលបានសម្រេចបន្តចាត់តាំងក្រុមការងារថ្នាក់ជាតិដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តកម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពនៅគ្រប់មូលដ្ឋាននៅទូទាំងប្រទេស។
ឯកឧត្តមបណ្ឌិត បានបន្តទៀតថា ក្រុមការងារថ្នាក់ជាតិ ត្រូវរៀបចំវេទិការសាធារណៈ ដើម្បីលើកកម្ពស់ ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋាបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍន៍មូលដ្ឋាន ការដោះស្រាយបញ្ហានានា ជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយផ្ទាល់ និងឱ្យមានប្រសិទ្ធភាពខ្ពស់តាមតម្រូវការរបស់បងប្អូនប្រជាពលរដ្ឋ៕ម.ន