ជំទាវ ម៉ាត់ ម៉ារ៉ា៖ ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរដែនដី បន្តដោះស្រាយសំណូមពរ និងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា

អត្ថបទដោយ៖
Kien Sereyvuth

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩ នេះលោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានថ្លែងថា «ក្រុមការងារថ្នាក់ជាតិ ត្រូវសហការជាមួយអាជ្ញាធរដែនដីបន្តដោះស្រាយ សំណូមពរ និងតម្រូវការចាំបាច់ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា»។

លោកជំទាវបានថ្លែងបែបនេះ ក្នុងឱកាសដែលលោកជំទាវអញ្ជើញជាអធិបតីក្នុងពិធីប្រកាសក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានស្រុកកំពង់ត្រឡាច ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា។

ក្នុងឱកាសនោះដែរ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានមានប្រសាសន៍បន្តថា ដើម្បីគាំទ្រ និងរួមចំណែកជំរុញការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់ការទី៤ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ គោលនយោបាយ និងកម្មវិធីកំណែទម្រង់នានា របស់រាជរដ្ឋាភិបាលកម្ពុជា។ រាជរដ្ឋាភិបាលបានសម្រេចចាត់តាំងក្រុមការងារថ្នាក់ជាតិ ដើម្បីចុះបេសកកម្មតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ សំដៅបន្តអនុវត្តន៍កម្មវិធីនយោបាយប្រកបដោយប្រសិទ្ធភាពខ្ពស់ នៅគ្រប់មូលដ្ឋានទូទាំងប្រទេស។

ជាមួយគ្នានោះដែរ ឯកឧត្តម ហេង ពិទូ អភិបាលរងខេត្តកំពង់ឆ្នាំង និងជាអនុប្រធានក្រុមការងារចុះស្រុកកំពង់ត្រឡាច បានបញ្ជាក់ថា ក្រុមការងារថ្នាក់ជាតិ មានតួនាទីលើកកម្ពស់ការដឹកនាំសម្របសម្រួល គាំទ្រដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការលើកកម្ពស់ការផ្តល់សេវា ការអភិវឌ្ឍមូលដ្ឋាន ការដោះស្រាយសំណូមពរចាំបាច់ និងតម្រូវការ កាន់តែសកម្មជាងមុនជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner