នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាបញ្ជាក់ថា ប្រជាជនកម្ពុជាកំពុងនិយម ប្រើប្រាស់ Visa Card ក្នុងការទូទាត់ប្រាក់ តាមបែប Digital

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ វីសា (Visa) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់ តាមប្រព័ន្ធអេឡិចត្រូនិចអន្តរជាតិដ៏ធំលើពិភពលោក បានចេញផ្សាយតួលេខពីកំណើនរបស់ប្រជាជនកម្ពុជា កំពុងតែទទួលយកការទូទាត់ប្រាក់ តាមរយៈឌីជីថលពីមួយឆ្នាំទៅមួយឆ្នាំចំនួន៤៣ភាគរយ លើតម្លៃសរុបនៃការទិញទំនិញ និងសេវាកម្មផ្សេងៗ ដោយការប្រើប្រាស់ វីសាកាត (Visa Card) និងមានការកើនទ្បើងរហូតដល់៥៨ភាគរយ បើគណនាលើចំនួនប្រតិបត្តិការ។ ទិន្នន័យនេះ បានមកពីការប្រៀបធៀបលើការចំណាយរវាងឆ្នាំ២០១៧ ដល់ឆ្នាំ២០១៨ យោងលើការសិក្សាស្រាវជ្រាវអំពីឥរិយាបថក្នុងការបង់ប្រាក់របស់អតិថិជនប្រើប្រាស់ វីសាកាត ក្នុងឆ្នាំ២០១៨។

អ្នកស្រី ជុំ ម៉ូនីកា នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជាមានប្រសាសន៍ថា ប្រជាជនកម្ពុជាមានភាពសុទិដ្ឋិនិយមចំពោះវិស័យសេដ្ឋកិច្ច ដោយយោងទៅលើការព្យាករណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីថា មានកំណើន GDP ៧ភាគរយនៅឆ្នាំនេះ និងមានការថយចុះក្រោម៧ភាគរយបន្តិចនៅឆ្នាំក្រោយ។ ដោយសារតែជំហរនៃកំណើនដ៏រឹងមាំនេះ បានធ្វើឱ្យយើងមានការរំពឹងទុកថា ប្រព័ន្ធនៃការទូទាត់ប្រាក់របស់ប្រទេសយើងនឹងរីកចម្រើនយ៉ាងឆាប់រហ័ស ចំណែកក្រុមហ៊ុន វីសា ក៏មានការរំភើបរីករាយ ក្នុងការធ្វើការជាមួយគ្រឹះស្ថាន ហិរញ្ញវត្ថុ បណ្តាពាណិជ្ជករ និងអតិថិជនអ្នកប្រើប្រាស់ផ្ទាល់ ដើម្បីធ្វើឱ្យការរំពឹងទុកទាំងនេះក្លាយទៅជាការពិត។

អ្នកស្រីនាយិកាបន្តថា ប្រជាជនកម្ពុជាក៏កំពុងបង្ហាញអំពីសន្ទុះនៃការទទួលយកបច្ចេកវិទ្យាទូទាត់ប្រាក់បែបថ្មីនេះ តាមរយៈការស្រាវជ្រាវបានបង្ហាញថា ២៤ភាគរយនៃអ្នកត្រូវបានស្ទង់មតិចាប់អារម្មណ៍ទៅលើការទូទាត់តាមរយៈទូរសព្ទដៃ ដោយក្នុងនោះ ១ភាគ៣មានចំណាប់អារម្មណ៍ ចំពោះការបង់ប្រាក់ដែលមិនចាំបាច់ប្រើក្រដាសប្រាក់សុទ្ធ។ បើយើងងាកមកនិយាយពីការបង់ប្រាក់តាមរយៈទូរសព្ទដៃវិញ ការសិក្សាមួយនេះ ក៏បានរកឃើញថា អតិថិជនមានបំណងចង់ធ្វើការទូទាត់ប្រាក់ តាមរយៈទូរសព្ទដៃទៅលើផលិតផល និងសេវាកម្មឈានមុខមួយចំនួនទាក់ទងនឹងផ្នែកសុខភាពកីឡា ការទិញលក់រាយ ការកម្សាន្ត និងដំណើរទេសចរណ៍ជាដើម។

អ្នកស្រី ម៉ូនីកា បានបន្ថែមទៀតថា ១ភាគ៣នៃប្រជាជនកម្ពុជា ក៏បានបង្ហាញអំពីការចាប់អារម្មណ៍ក្នុងការទូទាត់ប្រាក់តាមរយៈការស្កេន QR កូដ ដែលជាសេវាកម្មបច្ចេកវិទ្យាថ្មីបំផុត បានបើកដំណើរការក្នុងភាពជាដៃគូជាមួយធនាគារជាច្រើន ដោយក្រុមហ៊ុនវីសា នៅកម្ពុជា កាលពីចុងឆ្នាំមុន ។ មកដល់ពេលនេះ ការទូទាត់ប្រាក់តាមរយៈ QR កូដ ត្រូវបានគេទទួលស្គាល់នៅក្នុងហាងទំនិញជាង១,៣២៦កន្លែង ដែលចំនួននេះកើនឡើងទ្វេដង បើប្រៀបធៀបជាមួយនឹងចំនួននៃហាងទំនិញ នៅពេលដែលបច្ចេកវិទ្យានេះ ទើបត្រូវបានដាក់ឲ្យដំណើរការ។

នាយិកាគ្រប់គ្រងវីសាប្រចាំប្រទេសកម្ពុជារូបនេះបានបន្ថែមទៀតថា យើងមានក្តីរំភើបរីករាយ ដែលបានឃើញសន្ទុះប្រជាជនកម្ពុជាក្នុងការទទួលយកបរិបទថ្មី ទាក់ទងនឹងការទូទាត់ប្រាក់ តាមរយៈឌីជីថល ។ យើងប្តេជ្ញាធ្វើការជាមួយរដ្ឋាភិបាល និងធនាគារជាដៃគូរបស់យើង ក្នុងការណែនាំនូវការទូទាត់ប្រាក់ តាមរយៈភាពច្នៃប្រឌិត នៃបច្ចេកវិទ្យាថ្មីៗ ដែលផ្តល់នូវមធ្យោបាយលឿនបំផុត និងងាយស្រួលព្រមទាំងមានសុវត្ថិភាព ក្នុងការបង់ប្រាក់ និងទទួលប្រាក់សម្រាប់ប្រជាជនគ្រប់រូបនៅក្នុងប្រទេសកម្ពុជា៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner