មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ ចុះពិនិត្យសុវត្ថិភាពចំណីអាហារនៅផ្សារដើមគ ដើម្បីទប់ស្កាត់នូវទំនិញ ឬចំណីអាហារលួចលាយសារធាតុគីមីហាមឃាត់ និងខូចគុណភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ដោយមានការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំអគ្គនាយកដ្ឋានកាំកុងត្រូលដែលតែងតែគិតគូរពីសុខភាពបងប្អូនប្រជាពលរដ្ឋ ក្នុងការទទួលទានប្រចាំថ្ងៃ ជាពិសេសនៅថ្ងៃទី៩ខាងមុខ នឹងមានការហូបនាំបញ្ចុកសាមគ្គីជាតិផងនោះ ទើបនាព្រឹកថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០១៩នេះ មន្រ្តីកាំកុងត្រូលផែស្ងួតចុងទីភ្នំពេញ និងមន្ត្រីមន្ទីរពិសោន៍នៃអគ្គនាយកដ្ឋានកាំកុងត្រូល បានសហការជាមួយមន្រ្តីមន្ទីរពាណិជ្ជកម្ម គណៈកម្មការផ្សារដើមគ ចុះត្រួតពិនិត្យទំនិញ ម្ហូបអាហារវេចខ្ចប់ស្រេច ម្ហូបអាហារកែច្នៃក្នុងស្រុក និងស្រាវជ្រាវទប់ស្កាត់នូវទំនិញខូចគុណភាព ដែលជនខិលខូចមួយចំនួនលួចបញ្ចេញមកលក់ចែកចាយលើទីផ្សារ ជាពិសេសផ្តោតទៅលើសរសៃរនំបញ្ចុក បន្លែស្រស់ៗ ហើយយកគំរូម្ហូបអាហារមួយចំនួន មកពិសោធន៍នៅរថយន្តពិសោធន៍ចល័ត ដើម្បីរកសារធាតុគីមីហាមឃាត់ និងធ្វើការផ្សព្វផ្សាយអប់រំណែនាំបន្ថែម ដល់អាជីវករ អ្នកប្រើប្រាស់ឲ្យយល់ដឹងពីអនាម័យសុខភាព និងសុវត្ថិភាពចំណីអាហារ។

ក្នុងឱកាសដឹកនាំផ្ទាល់ត្រួតពិនិត្យចំណីអាហារនេះ លោក គង់ វុទ្ឋី អនុសាខាផែស្ងួតចុងទីភ្នំពេញ បានធ្វើការណែនាំ និងសំណូមពរដល់អាជីវករទាំងអស់ សូមកុំលួចលាក់បន្ថែមនូវសារធាតុគីមីផ្សេងៗ ដែលបង្កផលប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ មិនតែប៉ុណ្ណោះអ្នកដែលប្រព្រឹត្តនោះគឺមានគ្រោះថ្នាក់ខ្ពស់ជាងគេ ដោយសារតែគាត់នៅជិត និងជាអ្នកប៉ះដោយផ្ទាល់សារធាតុនេះដោយផ្ទាល់។

លោកបញ្ជាក់ថា ដើម្បីឲ្យកាន់តែមានភាពងាយស្រួល និងមានទំនុកចិត្តខ្ពស់ចំពោះចំណីអាហារពីសំណាក់បងប្អូនប្រជាពលរដ្ឋ បច្ចុប្បន្ននៅតាមផ្សារមួយចំនួន គឺមានមន្រ្តីកាំកុងត្រូលនៅប្រចាំជាប់តែម្តង បើសិនជាប្រជាពលរដ្ឋណាមានការសង្ស័យថាបន្លែ ផ្លែឈើ ចំណីអាហារ និងគ្រឿងឧបភោគបរិភោគណាដែលមានសារធាតុគីមី អាចយកមកឲ្យមន្រ្តីកាំកុងត្រូលត្រួតពិនិត្យ ហើយបើសិនជាមានភាពមិនប្រក្រតីណាមួយនឹងធ្វើការដកហូតភ្លាមៗតែម្តង។ ជាលទ្ឋផលក្នុងការចុះត្រួតពិនិត្យនាព្រឹកនេះ  បានរកឃើញសំណល់ថ្នាំសម្លាប់សត្វល្អិតនៅក្នុងជីនាងវង ទម្ងន់១,២គីឡូក្រាម ត្រូវបានដកហូតកម្ទេចចោលនៅនឹងកន្លែង៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner