របាយការណ៍ថ្មីមួយបញ្ជាក់ថា ការធ្វើតេស្តនុយក្លេអ៊ែរលើកទី៦របស់កូរ៉េខាងជើង កាលពីឆ្នាំ២០១៧ ខ្លាំងជាងគ្រាប់បរមាណូអាម៉េរិកទម្លាក់នៅជប៉ុន
កូរ៉េខាងជើង៖ ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរលើកទី៦ របស់កូរ៉េខាងជើងកាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១៧ គឺមានកម្លាំងខ្លាំងជាងគ្រាប់បែកបរមាណូ ដែលសហរដ្ឋអាម៉េរិកបានទម្លាក់ទៅលើទីក្រុងហ៊ីរ៉ូស៊ីម៉ារបស់ប្រទេសជប៉ុន កាលពីសម័យសង្រ្គាមលោកលើកទីពីរដល់ទៅ១៦ដង នេះបើតាមការសិក្សាថ្មីមួយ។

សូមរំលឹកថា កាលពីឆ្នាំ២០១៧ គឺជាឆ្នាំចុងក្រោយដែលទីក្រុងព្យុងយ៉ាង បានធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់ខ្លួន ហើយកាលនោះ វាបានបង្កឲ្យកើតមានគ្រោះរញ្ជួយដីកម្រិត៦.៣រ៉ិចទ័រ និងធ្វើឲ្យរូងក្រោមដីសម្រាប់សាកល្បងអាវុធនុយក្លេអ៊ែរ មួយកន្លែងនៅឯមូលដ្ឋាន ភុងគ្យេរី រលំថែមទៀតផង។
បើតាមការប៉ាន់ស្មានដំបូងៗដោយសហគមន៍ស៊ើបការណ៍សម្ងាត់ នៅជុំវិញពិភពលោក ការធ្វើតេស្តនុយក្លេអ៊ែរកាលពីឆ្នាំ២០១៧ ក៏បានបង្ហាញពីការរីកចម្រើនខ្លាំងក្លាមិនគួរឲ្យជឿនៃអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងផងដែរ ដោយអំឡុងការសាកល្បងកាលពីចន្លោះឆ្នាំ២០០៦ និងឆ្នាំ២០១៦ កម្លាំងនៃគ្រាប់បែកនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺពីចន្លោះ១ទៅ២០គីឡូតោនប៉ុណ្ណោះ ប៉ុន្តែស្រាប់តែដល់ឆ្នាំ២០១៧ ឡើងដល់ទៅខ្ទង់២៥០គីឡូតោន ដែលជារឿងគួរឲ្យបារម្ភខ្លាំង៕ម.ន
