រដ្ឋាភិបាលស្វីស សន្យាជួយមន្ទីរពេទ្យគន្ធបុប្ផាក្នុង១ឆ្នាំជាង៤លានដុល្លារអាម៉េរិក រយៈពេល៤ឆ្នាំទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ថ្លែងថា រដ្ឋាភិបាលស្វីស បានសន្យាបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផាចំនួន៤ឆ្នាំទៅមុខទៀត ដែលក្នុងមួយឆ្នាំៗមានទឹកប្រាក់ចំនួន៤លានហ្វ្រង់ស្វីស ឬប្រហែលជាង៤លានដុល្លារអាម៉េរិក។

ឯកអគ្គរដ្ឋទូតស្វីសប្រចាំកម្ពុជា ឯកឧត្តម Ivo Sieber បានបញ្ជាក់ពីជំហររបស់រដ្ឋាភិបាលស្វីស ធ្វើឡើងនៅព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៩ ក្នុងឱកាសដែលឯកឧត្តម ចូលជម្រាបលា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បន្ទាប់ពីឯកអគ្គរដ្ឋទូតរូបនេះ បញ្ចប់បេសកកម្មការទូតរបស់ខ្លួន ដោយជោគជ័យនៅកម្ពុជា។

បើតាមការឲ្យដឹងពីឯកឧត្តម កេត សោផាន់ អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា ស្វីសបានសន្យាបន្តជួយគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា ចំនួន៤ឆ្នាំទៅមុខទៀតនោះ គឺចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣។ ក្រៅពីនេះ ស្វីស ក៏បានសន្យាជួយគាំទ្រវិស័យដោះមីននៅកម្ពុជា ដោយមិនទាន់កំណត់រយៈពេលទៀតផងដែរ។ ឯកឧត្តមបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ឯកឧត្តមទូតស្វីស បានបញ្ជាក់ថា ស្វីស នឹងបន្តគាំទ្រផ្នែកហិរញ្ញវត្ថុដល់មន្ទីរពេទ្យគន្ធបុប្ផា រយៈពេល៤ឆ្នាំទៅមុខទៀត ប្រមាណជា៤លានហ្វ្រង់ស្វីស ក្នុងមួយឆ្នាំៗ។ រដ្ឋាភិបាលស្វីស ក៏នឹងបន្តគាំទ្រក្នុងវិស័យដោះមីននៅកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានថ្លែងអំណគុណដល់រដ្ឋាភិបាលស្វីសដែលបានជួយគាំទ្រដល់មន្ទីរពេទ្យគន្ធបុប្ផា និងបានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា ក៏បានមានវិធានការមួយចំនួន ដើម្បីជួយឲ្យដំណើរការមន្ទីរពេទ្យនេះ ដូចជាការផ្តល់វិភាគទាន១០លានដុល្លារ ក្នុង១ឆ្នាំសម្រាប់ដំណើរការ និងការផ្តល់ថវិកា៥លានដុល្លារ សម្រាប់មូលនិធិមន្ទីរពេទ្យ។

ជាមួយគ្នានេះ កម្ពុជា ក៏មានផែនការដកយក២ដុល្លារ ក្នុងការលក់សំបុត្រ១សន្លឹក ចូលទស្សនាប្រាសាទអង្គរវត្ត សម្រាប់ជួយដំណើរការមន្ទីរពេទ្យគន្ធបុប្ផាផងដែរ។ ចំពោះវិស័យដោះមីន ប្រមុខការទូតកម្ពុជា បានថ្លែងអំណរគុណស្វីស នឹងបានបញ្ជាក់ថា ជំនួយនេះជាអំណោយដ៏ល្អប្រសើរបំផុតដល់ប្រជាជនកម្ពុជា ដែលចង់មានសុវត្ថិភាពជុំវិញផ្ទះរបស់ខ្លួន។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានប្រាប់ទូតស្វីសចប់អាណត្តិថា ជាតួលេខ ចាប់ពីឆ្នាំ២០០០ រហូតដល់ឆ្នាំ២០១៩នេះ អត្រានៃការរងគ្រោះថ្នាក់ដោយសារមីននេះ មានការថយចុះយ៉ាងច្រើន ដែលឆ្នាំ២០០០ មានប្រហែលជាង៤ពាន់នាក់ក្នុង១ឆ្នាំ តែពេលនេះ មានប្រហែលជា១០០នាក់ ឬមួយក៏ក្រោម១០០នាក់ប៉ុណ្ណោះក្នុង១ឆ្នាំ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner