ប្រតិភូរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ សន្យាបន្តពង្រឹងពង្រីកកិច្ចសហការ ជាដៃគូជាមួយបណ្ឌិត្យសភានគរបាលកម្ពុជា ឲ្យកាន់តែរឹងមាំរីកចម្រើនថែមទៀត លើការបណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ
គណៈប្រតិភូរាជបណ្ឌិត្យនគរបាលភូមិន្ទថៃ មានចំនួន០៧រូប ដឹកនាំដោយ ឯកឧត្តមឧត្តមសេនីយ៍ទោអភិឆៃ ស្រ៊ីសុភីត អនុប្រធានរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ បានអញ្ជើញមកបំពេញទស្សនកិច្ចនៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធន៍លើកាងារណ្តុះបណ្តាលកងកម្លាំងនគរបាលនៃប្រទេសទាំងពីរ។
ឯកឧត្តមនាយឧត្តមសេនីយ៍សាស្ត្រាចារ្យ សេង ផល្លី ប្រធានណ្ឌិត្យសភានគរបាលកម្ពុជា បានវាយតម្លៃខ្ពស់ចំពោះដំណើរទស្សនកិច្ចរបស់គណៈប្រតិភូរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ដើម្បីពង្រឹងពង្រីកិច្ចសហប្រតិបត្តិការជាដៃគូក្នុងគោលបំណងផ្តល់ផលប្រយោជន៍ឲ្យគ្នាទៅវិញទៅមក ស្របតាមខ្លឹមសារនៃលិខិតសម្តែងបំណង ព្រមទាំងរាយការណ៍អំពីការងារបណ្តុះបណ្តាល និងសមិទ្ធផលនានាជូនគណប្រតិភូ។
ជាការឆ្លើយតប ឯកឧត្តមឧត្តមសេនីយ៍ទោ អភិឆៃ ស្រ៊ីសុភីត បានសម្តែងនូវក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំបណ្ឌិត្យសភានគរបាលកម្ពុជា ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងបានអនុញ្ញាតឲ្យគណៈប្រតិភូនៃរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងបានថ្លែងការកោតសសើរដល់វឌ្ឍនភាពគ្រប់ផ្នែករបស់បណ្ឌិត្យសភានគរបាលកម្ពុជា និងបានសន្យាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការជាដៃគូរនៃស្ថាប័នទាំងពីរ អោយកាន់តែរឹងមាំ និងរីកចម្រើនថែមទៀត។
ភាគីទាំងពីរបាន ឯកភាពបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តការអន្តរជាតិ តាមរយៈការបញ្ជូននិស្សិតនគរបាលកម្ពុជាចំនួន២រូប សម្រាប់ថ្នាក់បរិញ្ញបត្រចំនួន១រូប សម្រាប់បរិញ្ញាបត្រជានខ្ពស់១រូប ការចុះហត្ថលេខាប្តូរវេនប្រចាំឆ្នាំលើផែនការសកម្មភាព ការបញ្ជូនគ្រូបង្គោល នៃមុខវិជ្ជាសំខាន់ៗមួយចំនួនទៅសិក្សា និងបណ្តុះបណ្តាលនៅរាជបណ្ឌិត្យសភានគរបាលភូមិន្ទថៃ ព្រមទាំងការផ្លាស់ប្តូរគណៈប្រតិភូ និងនិស្សិតសម្រាប់កម្មវិធី និងទស្សនសិក្សាប្រចាំឆ្នាំ៕ធ.ដ






