សម្តេចចៅហ្វាវាំង គង់ សំអុល ចុះពិនិត្យស្តូបព្រះបរមរតនកោដ្ឋ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ កាលពីសម័យសង្គមរាស្រ្តនិយម

អត្ថបទដោយ៖
Kien Sereyvuth

សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារ៍ គង់ សំអុល ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង បានដឹកនាំគណៈប្រតិភូក្រសួងព្រះបរមរាជវាំង អញ្ជើញចុះពិនិត្យស្តូប រូបសំណាកព្រះករុណា ព្រះបាទសម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលជាស្នាព្រះហស្ថរបស់ព្រះអង្គ កសាងឡើងនៅចន្លោះឆ្នាំ១៩៦៣ ដល់ឆ្នាំ១៩៦៨ ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបូរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។

ក្នុងដំណើរចុះពិនិត្យមើលស្តូប និងសមិទ្ធផលនានាដែលជាស្នាព្រះហស្ថរបស់ព្រះករុណាព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ នេះក៏មានការអញ្ជើញអមដំណើរដោយឯកឧត្តម ម៉ុម សារឿន អភិបាលខេត្តស្ទឹងត្រែង ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធក្នុងខេត្តស្ទឹងត្រែងផងដែរ។

សម្តេចចៅហ្វាវាំង គង់ សំអុល មានប្រសាសន៍ថា ស្តូបនេះជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី ដែលបានកសាងឡើងក្នុងអំឡុងពេលដែលព្រះអង្គបានឡើងគ្រងរាជ និងបង្កើតសហគមន៍បូរីអូរស្វាយ ដែលស្ថិតនៅជាប់និងព្រំដែនកម្ពុជា-ឡាវ បច្ចុប្បន្នត្រូវបានបង្កើតជាស្រុកបូរីអូស្វាយសែនជ័យ។

សម្តេចចៅហ្វាវាំង បានបញ្ជាក់ថា ស្តូបនេះ ត្រូវបានក្រសួងព្រះបរមរាជវាំងយកចិត្តទុកដាក់ និងស្ថាបនា ជួសជុលឡើងវិញដើម្បីថែរក្សា និងអភិរក្សឲ្យកូនចៅ ចៅទួត របស់ព្រះមហាវរក្សត្រ បានឃើញពីស្នាព្រះហស្ថរបស់ព្រះអង្គ ក្នុងបុព្វហេតុកសាង ការពារទឹកដីខ្មែរ ព្រមទាំង បានបង្ហាញពីព្រះរាជបូជនីយកិច្ចរបស់ព្រះអង្គ ក្នុងការកសាងសមិទ្ធផលនានា ក្នុងស្រុកបូរីអូរស្វាយសែនជ័យ រួមទាំងសមិទ្ធផលនានាជាច្រើនទៀត ក្នុងទឹកដីខេត្តស្ទឹងត្រែង។

សម្តេចចៅហ្វាវាំង បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋាន អាជ្ញាធរខេត្ត រួមទាំងអាជ្ញាធរពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ឲ្យបានខ្ពស់ និងបន្តថែរក្សានូវរាល់សមិទ្ធផល ដែលជាស្នាព្រះហស្ថរបស់ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ រួមទាំងសមិទ្ធផលនានាជាច្រើនទៀត របស់រាជរដ្ឋាភិបាលកម្ពុជាផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner