សារធាតុគ្រឿងញៀនជាង២៣គីឡូក្រាមដែលត្រូវដកហូតនិងបង្ក្រាបបានពីខេត្តចំនួន៤ ត្រូវបាននាំយកមកដុតបំផ្លាញចោល នៅខេត្តបាត់ដំបង
ខេត្តចំនួន៤ រួមមាន៖ ខេត្តបាត់ដំបង ប៉ៃលិន ពោធិសាត់ និងខេត្តកំពង់ឆ្នាំង បានរួមគ្នាប្រារព្វពិធីដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀនសរុបប្រមាណជាង២៣គីឡូក្រាមនៅខេត្តបាត់ដំបង។ ក្នុងឱកាសប្រារព្វនូវ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២០ ដែលបានប្រព្រឹត្តធ្វើនៅទីលានបាល់ទាត់វាលបែកចាន ទីប្រជុំជនក្រុង-ខេត្តបាត់ដំបង នៅព្រឹក ថ្ងៃទី១០ ខែកក្កដា នេះ។
គ្រឿងញៀនជាង ២៣គីឡូក្រាម ដែលធ្វើការបង្ក្រាបនិងរឹបអូសបានពីជនសង្ស័យក្នុងករណីសំណុំរឿងព្រហ្មទណ្ឌ នៅក្នុងខេត្តទាំង៤ខាងលើនេះ ត្រូវបានធ្វើការដុតបំផ្លាញចោលក្រោមអធិបតីភាពឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ។
តាមការគូសបញ្ជាក់ ពីលោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានគូសបញ្ជាក់នៅក្នុងរបាយការណ៍ដុតបំផ្លាញគ្រឿង របស់ខ្លួនឲ្យដឹងថា៖ សម្រាប់ខេត្តទាំង៤ ដែលធ្វើពិធីរួមគ្នានេះក្នុងការដុតបំផ្លាញចោលនូវសារធាតុគ្រឿងញៀននេះ ជារួមមាន៖ ខេត្តបាត់ដំបង ខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន។ ហើយក្នុងនោះ គ្រឿងញៀនទាំងប្រភេទគ្រាប់ និងម៉្សៅ មានចំនួន ២៣គីឡូក្រាម៦៤៧,០៨ក្រាម ស្មើនឹងបទល្មើសព្រហ្មទណ្ឌ ក្នុងករណីសំណុំរឿង ៥៣១ សំណុំរឿង ហើយក្នុងនោះ ករណីសំណុំរឿងរបស់ខេត្តបាត់ដំបង មានចំនួនសរុប ១៦៩សំណុំរឿង ។ នេះបើតាមការគូសបញ្ជាក់ក្នុងរបាយការណ៍របស់លោក នួន សាន ព្រះអាជ្ញាអមសាលាដំបូងខេត្ត ។
ថ្លែងនៅក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីដុតកម្ទេចនិងបំផ្លាញចោលគ្រឿងញៀនជាង ២០គ.ក្រខាងលើនេះឯកឧត្តម កើត រិទ្ធ មានប្រសាសន៍ថា បញ្ហាគ្រឿងញៀននៅតែបន្តឲ្យមានការព្រួយ
បារម្ភនៅកម្ពុជា។ ហើយកន្លងមកនេះ រាជរដ្ឋាភិបាលកម្ពុជាក៏បានខិតខំយ៉ាងខ្លាំងផងដែរក្នុងកាដោះស្រាយនិងបានដាក់នូវបទបញ្ជាយ៉ាងម៉ឺងម៉ាត់ ក្នុងកាត់ចាត់វិធានការលុបបំបាត់បញ្ហាគ្រឿងញៀនទាំងនេះ ដែលទាមទារឲ្យមានការចូលរួម ពីក្រុមគ្រួសារ អ្នកជិតខាង និងសហគមន៍ផ្ទាល់ ដែលទាំងនេះគឺ ពឹងផ្អែកផ្តោតសំខាន់ទៅលើកត្តាចំនួន៣ ។
ឯកឧត្តម រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ក៏បានបន្តទៀតថា កត្តាទី១. គឺខ្លួនឯងផ្ទាល់ មិនប្រើប្រាស់គ្រឿងញៀន។ បើសិនជាគ្មានអ្នកប្រើប្រាស់គ្រឿងញៀន នៅក្នុងកន្លែងណាមួយហើយនោះ វាក៏គ្មានការចែកចាយជួញដូរនៅទីនោះដែរ។ កត្តាទី២. ត្រូវមានការចូលរួមពីក្រុមគ្រួសារផ្ទាល់ និងពីសហគមន៍ ។ ប្រសិនបើគ្រួសារ សហគមន៍មានការយល់ដឹងអំពីគ្រោះថ្នាក់នៃគ្រឿងញៀន ពីទោសទណ្ឌនៃបទល្មើសពួកគេ និងរាយការណ៍ពីបញ្ហានេះទៅឲ្យសមត្ថកិច្ច ដើម្បីធ្វើការទប់ស្កាត់បង្ក្រាបនិងបានទាន់ពេលវេលា។ និងកត្តាទី៣. គឺជាវិធានការយ៉ាងម៉ឺងម៉ាត់របស់សមត្ថកិច្ចដែលពាក់ព័ន្ធនៅក្នុងការទប់ស្កាត់ បង្ក្រាប មិនឲ្យមានការរីករាលដាល នៃអ្នកប្រើប្រាស់ ហើយត្រូវអនុត្តចាប់ឲ្យបាននូវមេខ្លោងជួញដូរនិងចែកចាយ ដើម្បីផ្ដន្ទាទោសទៅតាមច្បាប់ ។
តាមការគូសបញ្ជាក់របស់លោក នួន សាន ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង បានឲ្យដឹងថា សារធាតុគ្រឿងញៀនដែលត្រូវធ្វើការដុតបំផ្លាញចោលនៅថ្ងៃនេះមានចំនួនសរុប ២៣គ.ក្រ
៦៤៧,០៨ក្រាម ក្នុងនោះសាលាដំបូងខេត្តបាត់ដំបង ប្រភេទម៉េតំហ្វេតាមីន ម៉ាទឹកកក សរុបទម្ងន់១៦ពាន់១១០,២៣ក្រាម និងប្រភេទWy.ទម្ងន់៥ពាន់៥១៨,៨០ក្រាម ។ ខេត្តកំពង៎ឆ្នាំងប្រភេទម៉េតំហ្វេតាមីនម៉ាទឹកកក ទម្ងន់២២៨,៥២ក្រាម និងWY. ចំនួន០២គ្រាប់ ។ ខេត្តពោធិសាត់ទម្ងន់ម៉េតំហ្វេតាមីន ម៉ាទឹកកក៩៨៣,៤២ក្រាម និងWYចំនួន០៥គ្រាប់ ។ ខេត្តប៉ៃលិន ម៉េតំហ្វេតាមីនម៉ាទឹកកក ទម្ងន់៧៤៦,៤៩ក្រាម និង WY.ទម្ងន់៥៣,៥៩ក្រាម ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )











