ធនាគារអេស៊ីលីដា ភីអិលស៊ី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការហិរញ្ញប្បទានរយៈពេលវែង ជាមួយធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ ធនាគារអេស៊ីលីដា ភីអិលស៊ី បានប្រកាសជាផ្លូវ ការកាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២០ថា ធនាគារ CHINA DEVELOPMENT BANK (CDB) ជាស្ថាប័ន អភិវឌ្ឍន៍ហិរញ្ញវត្ថុធំជាងគេនៅលើពិភពលោក បានចុះកិច្ច ព្រមព្រៀងផ្តល់ហិរញ្ញប្បទានរយៈពេលវែងដល់ ធនាគារ អេស៊ីលីដា ភីអិលស៊ី ចំនួន ១៣០.០០០.០០០ ដុល្លារអាម៉េរិក (មួយរយសាមសិបលានដុល្លារអាម៉េរិក)។

បណ្ឌិត អុិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានប្រសាសន៍ថា ការធ្វើពិពិធកម្មនៃប្រភពទុន មានសារៈសំខាន់ខ្លាំងណាស់ ដើម្បីគាំទ្រយុទ្ធសាស្រ្តរីកចម្រើនប្រកបដោយចីរភាព របស់ធនាគារ។ ធនាគារ ជាក្រុមហ៊ុនបោះផ្សាយមួយក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្រ ដើម្បីពង្រឹងដើមទុន ចំណែកឯប្រាក់បញ្ញើសន្សំ ដែលបានមកពីប្រាក់បញ្ញើទីផ្សារហិរញ្ញវត្ថុសម្រាប់តម្រូវការដើមទុនរយៈពេលខ្លី រីឯហិរញ្ញប្បទានទទួលបានពីស្ថាប័ន អន្តរជាតិ ដូចជា ធនាគារ CDB សម្រាប់គាំទ្រដល់ការរីកចម្រើនរយៈពេលវែងរបស់ធនាគារ។

ហិរញ្ញប្បទានរយៈពេលវែងចំនួន ១៣០.០០០.០០០ ដុល្លារអាម៉េរិក (មួយរយសាមសិបលានដុល្លារអាម៉េរិក) ពី ធនាគារ CDB នេះ ធនាគាររំពឹងថានឹងផ្តល់ឥណទានថ្មីដល់សហគ្រាសខ្នាតតូច និងមធ្យម យ៉ាងហោចណាស់ ចំនួន ៥.០០០ សហគ្រាស បន្ថែមទៀត។

លោក Lyu Zhinan អគ្គនាយករងធនាគារ CHINA DEVELOPMENT BANK GUANGXI BRANCH (CDB) មានប្រសាសន៍ថា នេះគឺជាលើកទី២ហើយដែលធនាគារទាំងពីរបានធ្វើកិច្ចសហការជាមួយគ្នា។ ធនាគារ អេស៊ីលីដា ភីអិលស៊ី ជាធនាគារធំ ដែលគាំទ្រការអភិវឌ្ឍសហគ្រាសខ្នាតតូច និងមធ្យមនៅប្រទេសកម្ពុជា។ CDB មានការជឿជាក់យ៉ាងមុតមាំថាកិច្ចសហប្រតិបត្តិការផ្តល់ហិរញ្ញប្បទាននេះ នឹងជួយសហគ្រាសខ្នាតតូច និងមធ្យមនៅកម្ពុជាកាន់តែច្រើន ក្នុងការទប់ទល់នឹងស្ថានភាពនៃការរីករាលដាលនៃជំងឺជាសកល បង្កើតផលិតកម្មឡើងវិញ និងផ្តល់នូវផលវិជ្ជមានដល់សេដ្ឋកិច្ចកម្ពុជាឡើងវិញ។ CDB មានឆន្ទៈក្នុងការសហប្រតិបត្តិការបន្ថែមទៀតជាមួយធនាគារ អេស៊ីលីដា ភីអិលស៊ី លើកិច្ចការសំខាន់ៗ ដើម្បីជំរុញកំណើនសេដ្ឋកិច្ចឆាប់រហ័ស និងការអភិវឌ្ឍដ៏មានសក្តានុពលនៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២០ នេះ ធនាគារ អេស៊ីលីដា ភីអិលស៊ី មានទ្រព្យសកម្មសរុបចំនួន ២៥,០១ ទ្រីលានរៀល (ឬ ៦,១៥ ប៊ីលានដុល្លារអាម៉េរិក) សមតុល្យឥណទានសរុបចំនួន ១៦,២២ ទ្រីលានរៀល (ឬ ៣,៩៩ ប៊ីលានដុល្លារអាម៉េរិក) និងប្រាក់បញ្ញើសន្សំសរុបចំនួន ១៧,៦៩ ទ្រីលានរៀល (ឬ ៤,៣៥ ប៊ីលានដុល្លារអាម៉េរិក)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner