វិទ្យាស្ថានជាតិអធិការកិច្ច នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភា និងធិការកិច្ច បិទវគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច
វិទ្យាស្ថានជាតិអធិការកិច្ច បានបិទបញ្ចប់វគ្គបណ្តុះបណ្តាលជំនាញអធិការកិច្ចបឋម ស្តីពី មូលដ្ឋានគ្រឹះ នៃការងារអធិការកិច្ច ជំនាន់ទី២ វគ្គ២ កំរិត១ ក្នុងឆ្នាំ២០១៩ នៅទីស្តីក្រសួង នារសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ។ វគ្គបណ្តុះបណ្តាលបឋមនេះ ប្រព្រឹត្តិទៅរយៈពេល១សប្តាហ៍មកហើយ ចាប់ពីថ្ងៃទី២៧ ខែឧសភា ។ ថ្ងៃនេះត្រូវបានបិទបញ្ចប់ដោយជោគជ័យ ក្រោមអធិបតីភាពឯ,ឧ បណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ និងជាតំណាងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនាក់ជាមួយរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ។ នេះបើតាម ឯកឧត្តម ណុប ចាន់ណារិន្ទ អ្នកនាំពាក្យក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និង អធិការកិច្ច។
ឯ.ឧ បណ្ឌិត សោម បូរ៉ាន់ នាយកវិទ្យាស្ថានជាតិអធិការកិច្ចឲ្យថា៖ សិក្ខាកាមដែលជាមន្ត្រីក្រសួង និង បានចូលរួមវគ្គបណ្តុះបណ្តាលនេះ សុទ្ធសឹងតែយកចិត្តទុកដាក់ ពីបញ្ហាអធិការកិច្ចបឋមនេះ ពិសេសទាក់ទងនឹងនីតិវិធី ដែលត្រូវអនុវត្ត។ មួយវិញទៀតជំនាញនេះ ក៏ជាផ្នែកមួយដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ដែលធ្វើការងារនេះ ឲ្យមានប្រសិទ្ធិភាព ដើម្បីលើកកម្ពស់អភិបាលកិច្ចល្អ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯ.ឧ បណ្ឌិត សោម បូរ៉ាន់ បញ្ជាក់ថាទៀតថា សកម្មភាពទាំងអស់នេះ ដោយសារមានការយកចិត្តទុកដាក់ពីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី និងថ្នាក់ដឹកនាំក្រសួងបានជំរុញឲ្យមានការបើកវគ្គនេះឡើង ។ សូមបញ្ជាក់ថា គិតមកដល់ឆ្នាំ២០១៩នេះ វិទ្យាស្ថានបានបើកវគ្គចំនួន៣លើករួចមកហើយ និងមានសិក្ខាកាមមកពីគ្រប់អគ្គនាយកដ្ឋាន និងតាមមន្ទីរគ្រប់ខេត្ត រាជធានី ចំណុះឲ្យក្រសួងមានចំនួន១២៥នាក់ ដោយបានផ្តល់ជាវិញ្ញាបនប័ត្រជូនសិក្ខាកាមគ្រប់រូប តាមសមត្ថភាពនៃការកណត់និទ្ទេស។
ឯ.ឧ បណ្ឌិត ចាប សុថារិទ្ធ បានពាំនាំនូវពាក្យផ្តាំផ្ញើសួរសុខទុក្ខ និង អបអរសាទរ ចំពោះសិក្ខាកាមដែលបានបញ្ចប់វគ្គសិក្សានេះដោយជោគជ័យ ។ ជោគជ័យរបស់មន្ត្រីអធិការកិច្ច គឺជាកាយវិការមួយដ៏មានសារៈសំខាន់សម្រាប់ត្រួតពិនិត្យ ការគ្រប់រដ្ឋឲ្យកាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ប្រកបដោយអនុលោមភាព តាមរយៈការធ្វើអធិការកិច្ចលើគ្រប់វិស័យ សំដៅបង្ការ ទប់ស្កាត់ កែលំអ និងមានវិធានការ ដើម្បីប្រឆាំងអំពើពុករលួយ ការរំលោភដោយអំណាច និងបាតុភាពអសកម្មនានា តាមរយៈជំនាញផ្នែកច្បាប់ ប៉ុន្តែ មិនមែនការវែករកកំហុសដើម្បីរិះគន់គន់រាជរដ្ឋាភិបាលនោះទេ គឺយើងមានតួនាទីធ្វើជាសេនាធិការដើម្បីចូលរួមបំពេញបំបន្ថែម សំរាប់ឈានទៅសម្រេច យុទ្ធសាស្ត្រចតុកាណរបស់រាជរដ្ឋាភិបាល ដែលមានអបាលកិច្ចល្អជាស្នូល ។
ឯ,ឧ បណ្ឌិត ចាប សុថារិទ្ធ បញ្ជាក់ថា តាមចក្ខុវិស័យរបស់លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី បានដាក់ចេញនូវផែនការទិសដៅច្បាស់លាស់ដើម្បីពង្រឹង និងពង្រីកសមត្ថភាពរបស់មន្ត្រីយើងឲ្យកាន់តែមានគុណភាព តាមរយៈនៃការបណ្តុះបណ្តាលរបស់វិទ្យាស្ថានជាតិអធិការកិច្ច ឲ្យបានគ្រប់កំរិត ចាប់ពីបឋម មធ្យម និងឧត្តមសិក្សា ស្របតាមភារកិច្ចធំៗពីរជាសំខាន់ ក្នុងចំណោមភារកិច្ចមួយចំនួនផ្សេងទៀត រួមមាន៖ ទី១ ផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធ និស្សិតក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ព័ន្ធ ។ ទី២ សិក្សាស្រាវជ្រាវ ផ្សព្វផ្សាយឯកសារពាក់ព័ន្ធ ក្នុងវិស័យអធិការកិច្ច និងវិស័យពាក់ពាក់ព័ន្ធ។
បើតាម ឯ.ឧ ណុប ចាន់ណារិន្ទ អ្នកនាំពាក្យរបស់ក្រសួង បញ្ជាក់ថា ៖ វិទ្យាស្ថានជាតិអធិការកិច្ច បានរៀបចំឲ្យមានរចនាសម្ព័ន្ធគ្រប់គ្រងពេញលេញនៅដើមឆ្នាំ២០១៨ បន្ទាប់ពីបានបង្កើតឡើងដោយអនុក្រិត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រិត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឺទ្ធសភា និងអធិការកិច្ច និងអនុវត្តការងារអនុលោមតាមប្រកាសលេខ០៨៣ ទរពអ.ប្រក ចុះថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការប្រព្រិត្តទៅរបស់វិទ្យាស្ថានជាតិអធិការកិច្ច។ អ្នកនាំពាក្យដដែលរូបនេះបន្តថា បើទោះជាវិទ្យាស្ថានទើបតែបង្កើតឡើងក្តី តែយើងបានសហការជាមួយបណ្តាប្រទេសជាដៃគូរ ដើម្បីបើកវគ្គបណ្តុះបណ្តាលជាបន្តបន្ទាប់ សំរាប់មន្ត្រីជំនាញនូវគ្រប់កំរិត ទាំងនៅក្នុង និងក្រៅប្រទេសប្រកបដោយគុណភាព ហើយធនធានទាំងនេះកំពុងបំរើការងារនៅក្នុងអង្គភាពរបស់ខ្លួនយ៉ាងមានប្រសិទ្ធិភាព ៕