សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ នំាយកអំណោយរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផ្តល់ជូនគ្រួសារសពកុមារា កុមារី ដែលគ្រោះ ក្នុងករណីរំលោភសម្លាប់ នៅខេត្តព្រះសីហនុ
សាខាកាកបាទក្រហមកម្ពុជាខេត្ដព្រះសីហនុ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នំា២០១៩ បានចុះសួរសុខទុក្ខ និងយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនគ្រួសារសពកុមារី និងកុមារា ដែលត្រូវបានឃាតកររំលោភសម្លាប់យ៉ាងឃោឃៅ នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។
បើតាម លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ និងជា១អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បានអោយដឹងថា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ចង់ចុះមកសួរសុខទុក្ខ និងចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតចំពោះសពកុមារទាំងពីផ្ទាល់ ប៉ុន្ដែដោយសម្តេចជាប់រវល់ការងារ ទើបចាត់បញ្ជួនសហការី ចុះមកសួរសុខទុក្ខ និងនាំយកអំណោយមកចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនៃគ្រួសារសពកុមារី ផា ស្រីល័ក្ខ អាយុ ១០ឆ្នាំ និងកុមារា ផា សុខលី អាយុ ២ឆ្នាំកន្លះ ត្រូវជាកូនគ្រួសារកម្មករសំណង់ទីទ័លក្រ ដែលទទួលមរណភាពដោយអំពើរំលោភសម្លាប់នៅក្នុងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដែលបានទទួលមរណភាព កាលពីរសៀលថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០១៩ កន្លងទៅថ្មីៗនេះ។ លោក បន្ដថា ជំនួសមុខឲ្យឯកឧត្តមប្រធានកិត្តិយសសាខា ឯកឧត្តមប្រធានគណៈកម្មាធិការសាខា ពិសេសសម្តេចគិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានសម្ដែងនូវការសោកស្ដាយអាឡោះអាល័យជាទីបំផុតចំពោះសោកនាដកម្មនេះ និងសូមបួងសួងដល់វិញ្ញាណក្ខន្ធនៃសពអ្នកទាំងពីរ បានទៅកាន់សុគតិភព។
លោកក៏សូមអំពាវនាវឲ្យសមត្ថកិច្ចរកមុខឃាតករ ដើម្បីយកមកផ្តន្ទាទោសទៅតាមច្បាប់ផងដែរ៕