រថយន្តសង្គ្រោះចំនួន៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងរថយន្តបូមទឹក១គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ត្រូវបានធ្វើពិធីចុះហត្ថលេខា ប្រគល់ ទទួល នៅសាលាខេត្តសៀមរាប
រថយន្តសង្គ្រោះចំនួន៤គ្រឿង រថយន្តពន្លត់អគ្គីភ័យ១គ្រឿង និងរថយន្តបូមទឹក១គ្រឿង ដែលជាអំណោយរបស់ខេត្តឃ្យុងគី នៃសាធារណរដ្ឋកូរ៉េ ដែលជាខេត្តសម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាប ត្រូវបានធ្វើពិធីចុះហត្ថលេខា ប្រគល់ទទួល នៅសាលាខេត្តសៀមរាប កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៩ ក្រោមអធិបតីភាព ឯកឧត្តម ទៀ សីហា គណៈអភិបាលខេត្ត ឯកឧត្តម អ៊ឹង ហឿន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម KIM Won-ki អនុប្រធានសភាប្រចាំខេត្ត ឃ្យុងគី ។
ឯកឧត្តម ទៀ សីហា លើកឡើងថា រដ្ឋបាលខេត្តសៀមរាប បានធ្វើកិច្ចទំនាក់ទំនងសហប្រតិបត្តិការ ជាមួយខេត្តចំនួន៣ បន្ទាប់ពីខេត្តសម្ពន្ធ័មេត្រីជុងចុងណាំដូ , ក្រុងស៊ូវ៉ុន គឺមានខេត្តសម្ព័ន្ធមេត្រី ឃ្យុងសាំងប៊ុកដូ ខេត្តកាងវ៉ុន និង ខេត្ត ឃ្យុងគី នៃសាធារណរដ្ឋកូរ៉េផងដែរ ។ ម៉្យាងទៀតអំណោយរថយន្តសង្រ្គោះ ពន្លត់អគ្គីភ័យ និង បូមទឹក ដែលត្រូវបានធ្វើពិធី ចុះហត្ថលេខាប្រគល់ និង ទទួលនាពេលនេះ គឺជាចំណងដៃថ្មី នៃខេត្តសម្ព័ន្ធមេត្រីភាព ឃ្យុងគី និង ខេត្តសៀមរាបផងដែរ ។ ឯកឧត្តម ក៏បន្តទៀតថា សមទ្ធិផលទាំងនេះ ក៏បានធ្វើឲ្យចំណងមិត្តភាព នៃកិច្ចទំនាក់ទំនង សហប្រតិបត្តិការរវាងខេត្តទាំងពីរ កាន់តែមានភាពរឹងមាំឡើងថែមទៀត ។ ក្នុងនោះដែរឯកឧត្តមក៏បានធ្វើការថ្លែង នូវអំណរគុណ ចំពោះរដ្ឋាភិបាល និង ប្រជាពលរដ្ឋកូរ៉េ សំខាន់ថ្នាក់ដឹកនាំ មន្ត្រី និងប្រជាពលរដ្ឋជាខេត្ត ក្រុង សម្ព័ន្ធមេត្រីភាព និងខេត្តសៀមរាប ដែលតែងតែរួមកិច្ចសហការល្អនឹងគ្នា លើគ្រប់វិស័យ សំខាន់វិស័យកសិកម្ម ,ទេសចរណ៍ , អប់រំ , សុខាភិបាល និង វប្បធម៌ ព្រមទាំងការផ្តល់នូវអាហារូបករណ៍ និង ការបណ្តុះបណ្តាលមុខជំនាញ បច្ចេកទេស ហើយសមទ្ធិផលដែលប្រជាពលរដ្ឋខេត្តសៀមរាបទទួលបាននោះ គឺកិច្ចសហប្រតិបត្តិការគម្រោងអភិវឌ្ឍន៍ភូមិមិត្តភាព ភ្នំក្រោមស៊ូ វ៉ុន និងសមទ្ធផលឯទៀត នៅតាមបណ្តាក្រុង ស្រុកក្នុងខេត្តទៀតផង ។
ឯកឧត្តម KIM Won-ki ក៏បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចជាផ្លូវការនៅលើទឹកដី ប្រវត្តិសាស្ត្រខេត្តសៀមរាបនាពេលនេះ គឺកាន់តែធ្វើឲ្យចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្តឃ្យុងគី និងខេត្តសៀមរាបកាន់ តែចាក់គ្រឹះស៊ីជម្រៅនឹងគ្នាទ្វេរឡើង ។ ឯកឧត្តមបានលើកឡើងថា ខេត្តសៀមរាបជាខេត្តសម្បូរទៅដោយសម្បត្តិវប្បធម៌ ដែលមានវប្បធម៌ដ៏ចំណាស់ ហើយត្រូវបានចុះបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក គឺប្រាសាទអង្គរវត្ត ដែលជាដួងព្រលឹងជាតិកម្ពុជា ។ ឯកឧត្តមក៏បានបន្តទៀតថា នេះជាសមទ្ធិផលនៃគ្រាដំបូង ក្នុងកិច្ចសហប្រតិបត្តិការនឹងគ្នា ដែលជាចំណងដៃថ្មីរវាងខេត្តយើងទាំងពីរ ហើយក៏ជាការចូលរួមចំណែក ក្នុងកិច្ចអភិវឌ្ឍន៍នៅខេត្តសៀមរាបផងដែរ ។ ឯកឧត្តមក៏បានលើកពីស្ថានភាពភូមិសាស្ត្រ របស់ខេត្តឃ្យុងគី និង សម្បត្តិវប្បធម៌ដែលមាននៅក្នុងខេត្ត ហើយដែលជា ខេត្តបេះដូងសេដ្ឋកិច្ច នៃសាធារណរដ្ឋកូរ៉េទៀតផង ។ ឯកឧត្តមបានបន្តថា ការប្រគល់រថយន្តនាថ្ងៃនេះ ក៏ជាការលើក កម្ពស់នៃកិច្ចសហប្រតិបត្តិការ ផ្លាស់ប្តូរគ្នា ព្រមទាំងការពង្រឹងនូវសុវត្ថិភាពអគ្គីភ័យរបស់ប្រទេសជាម្ចាស់ផ្ទះ និងការប្រគល់រថយន្តពន្លត់អគ្គីភ័យដល់ប្រទេស កំពុងតែអភិវឌ្ឍ ។ ម៉្យាងទៀតការប្រគល់រថយន្តអគ្គីភ័យនេះ ក្នុងការការពារនូវទ្រព្យសម្បត្តិនិងអាយុជីវិតរបស់ប្រជាពលរដ្ឋ និងជួយបង្កើនលើកកម្ពស់សុវត្ថិភាពនៅខេត្តសៀមរាបទៀតផង ៕