រដ្ឋមន្រ្តីក្រសួងបរិស្ថាន ៖ ប្រជាសហគមន៍តំបន់ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រសិនជាពួកគេរស់​នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់

នៅក្នុងពេលទទួលជួបជាមួយលោកស្រី Nellie GHUSAYNI ប្រធានបេសកកម្មអង្គការអន្តរជាតិទេសន្តរប្រវេសន៍ (IOM) ប្រចាំកម្ពុជា នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ នៅទីស្តី​ការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តី​ក្រសួងបរិស្ថាន បានមានប្រសាសន៍ថា ប្រជាសហគមន៍តំបន់​ការពារធម្មជាតិ នឹងមិនចាកចេញពីស្រុកកំណើតនោះទេ ប្រ​សិន​ជាពួកគេរស់នៅ មានប្រាក់ចំណូលប្រចាំថ្ងៃគ្រប់គ្រាន់ ។

ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្រសួងបរិស្ថាន បាននិងកំពុងដាក់​ចេញការអភិវឌ្ឍគោលដៅលំហែបៃតង ដើម្បីលើកកម្ពស់​ជីវភា​ព របស់ប្រជាពលរដ្ឋរស់នៅតាមសហគមន៍​តំបន់​ការពារ​ធម្ម​ជាតិ និងចូលរួមកាន់តែប្រសើរ ដល់ការការពារ និងអភិរក្សធន​ធានធម្មជាតិផងដែរ ។ កន្លងមកនេះ ការអភិវឌ្ឍ​គោលដៅលំ​ហែបៃតង បានរៀបចំនៅលើ ឧទ្យានជាតិព្រះសុរាម្រិត​កុសុមៈ​«គិរីរម្យ» ក្នុងភូមិសាស្រ្តខេត្តកំពង់ស្ពឺ ដោយបានបានសាង​សង់​កន្លែងវិបស្សនាតាមរចនាបទខ្មែរជាច្រើនកន្លែង និងកន្លែងបោះ​តង់​ប្លែក​ពីកន្លែងដទៃ សម្រាប់សហគមន៍នៅលើឧទ្យានជាតិ​ព្រះ​ជ័យ​វរ្ម័ននរោត្តម «ភ្នំគូលែន» ក្នុងភូមិសាស្រ្តខេត្តសៀមរាប ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ដែរថា ការរៀបចំ​គោល​ដៅលំហែបៃតងនេះ គឺមានគោលបំណងលើកស្ទួយ​ជីវភាពប្រជាសហគមន៍ នៅតាមតំបន់ការពារធម្មជាតិ ដើម្បីឱ្យ​ពួកគេមានប្រាក់ចំណូលប្រចាំថ្ងៃ តាមរយៈការផ្តល់សេវា​ទេសចរណ៍ធម្មជាតិ ដែលបានផ្សារភ្ជាប់ពីតំបន់មួយទៅ​តំបន់មួយទៀត ឬហៅថា របៀងគោលដៅលំហៃបៃតង។ និយាយជារួមការអភិវឌ្ឍ នៅតាមសហគមន៍មូលដ្ឋានបែបនេះ នឹងមិនធ្វើឱ្យប្រជាពលរដ្ឋធ្វើចំណាកស្រុកឡើយ ពីព្រោះពួក​គេមានការងារក្នុងស្រុក និងមានចំណូលនិងស្បៀង​បាន​គ្រប់គ្រាន់ ។

ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើងពីការរៀបចំឱ្យសហគមន៍មានភាពស្អាត ដែលរួមចំណែកឆ្លើយតបការប្រែប្រួល​អាកាសធាតុ​សកល ក្នុងនោះមានការគ្រប់គ្រងសំណល់ប្លាស្ទិក តាមរយៈ​យុទ្ធនាការរបស់ក្រសួងបរិស្ថានដែលបានដាក់ចេញរួមមាន«យុទ្ធនាការ ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ទទួលបាន​ការគាំទ្រ​ពីប្រជាពលរដ្ឋ ជាង១០លាននាក់។ យុទ្ធនាការជាច្រើនទៀត​ដូចជា «កម្ពុជាស្អាត ខ្មែរធ្វើបាន» ដែលបានបន្តជាជំហានៗ ដោយផ្តើមចេញពីយុទ្ធនាការ ឱ្យក្លាយទៅជាសកម្មភាពរើស​សំរាម សំណាល់ប្លាស្ទិក សម្អាតលំនៅដ្ឋាន ផ្លូវថ្នល់ ប្រមូល​ទុកដាក់ សំរាមនិងសំណល់បា្លស្ទិក ឱ្យបានត្រឹមត្រូវ។ ការណ៍​នេះជំរុញឱ្យប្រជាពលរដ្ឋនឹងបន្តជាចលនារួមគ្នាចេញពីក្នុងចិត្ត ធ្វើឱ្យផ្ទះស្អាត ធ្វើឱ្យកម្ពុជាស្អាត ទាំងនៅផ្ទៃក្នុងប្រទេស និង​នៅលើឆាកអន្តរជាតិ។

សូមជម្រាបជូនថា ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សា​ការងារនេះ លោកស្រី Nellie GHUSAYNI បានថ្លែងកោត​សរសើរនិងវាយតម្លៃខ្ពស់ចំពោះការគ្រប់គ្រងបរិស្ថាន និង​ធនធានធម្មជាតិ ដែលក្រសួងបរិស្ថានបាននិង​កំពុងអនុវត្ត​ដូចជា ការគ្រប់គ្រងសំរាម ការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ការបណ្តុះកូនឈើ និងចែកកូនឈើជូនប្រជាពលរដ្ឋដោយ​ឥតគិតថ្លៃ ដើម្បីយកទៅដាំស្តារព្រៃ ដាំនៅតាមទីក្រុងហ ទីសាធារណៈនានា បង្កើនគម្របបៃតង ឆ្ពោះទៅសម្រេច​គោលដៅកម្ពុជាជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ ២០៥០ និងការលើកស្ទួយជីវភាពប្រជាសហគមន៍ ឱ្យមានការរស់នៅ​ប្រកបដោយចីរភាព ៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner