ក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ បន្ត​ផ្តោតការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ

(ខេត្តព្រះសីហនុ)៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្រ្តី, និង ជាប្រធានក្រុមការងារ​ជំរុញ​ការវិនិយោគក្នុងខេត្តព្រះសីហនុ និង ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ព្រមទាំងមន្ត្រីជំនាញ កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២៥, បានចុះពិនិត្យគម្រោង ផឹនីនស្យ៊ូឡឺ បេ (Peninsula Bay) និង តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ក្នុងគោលបំណងបន្ត​ផ្តល់​ការយកចិត្តទុកដាក់ខ្ពស់លើការថែទាំវិនិយោគ​ក្នុងវិស័យ​ទេសចរណ៍ អចលនទ្រព្យ និង ឧស្សាហកម្ម ស្របតាមកម្មវិធី​ពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដែលជាគំនិត​ផ្តួចផ្តើមដ៏ប្រពៃរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ។

ការចុះពិនិត្យនេះ គឺជាសកម្មភាពមួយ នៃភារកិច្ចស្នូល​របស់​ក្រុម​​ការងារ បន្ទាប់ពីការពិនិត្យផ្តល់ការលើកទឹកចិត្តពិសេស ជូនវិនិយោគិន និង ធុរជន ដែលស្នើសុំ និង អនុវត្តគម្រោង​ក្នុងឆ្នាំ ២០២៤ និង ឆ្នាំ ២០២៥ ក្នុងគោលដៅតាមដាន និង ជំរុញការអនុវត្តគម្រោង និង ស្តាប់សំណូមពរ និង បញ្ហាប្រឈម​នានា ពីអ្នកអនុវត្ត និង វិនិយោគិន ។

គម្រោង Peninsula Bay របស់ក្រុមហ៊ុន PENINSULA BAY INVESTMENT CO., LTD. គឺជាគម្រោងសាងសង់សណ្ឋាគារ​ផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម ស្ថិតនៅភូមិ ៤ សង្កាត់​លេខ ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ តាមបណ្តោយ​ទីលាន​សម្តេចតេជោ មានទុនវិនិយោគ ៥៧៤លានដុល្លារ​អាមេរិក និង បានចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២៤ និង បញ្ចប់ការសាងសង់នៅឆ្នាំ២០២៨ ។ ទីតាំងគម្រោងមានទំហំ ១៥៨ ៦៣៣ ម៉ែត្រការ៉េ សម្រាប់បម្រើដល់ការសាងសង់​សណ្ឋា​គារផ្កាយ ៥ ចំនួន ២ ៨៧០ បន្ទប់, សួនទឹកកម្សាន្ត និង សាលប្រជុំខ្នាតធំ, ផ្សារទំនើប, អគារពាណិជ្ជកម្មចំនួន ៥ កម្ពស់ ៣២ ជាន់ និង អគារស្នាក់នៅរួម ចំនួន ៤ អគារ កម្ពស់ ៣២ ជាន់ ។

គម្រោងនេះមានសកម្មភាពសាងសង់សស្រាក់សស្រាំ លឿន និង អាចបញ្ចប់តាមការគ្រោងទុក, ហើយជាមួយនេះ ក្រុមហ៊ុនកំពុងរៀបចំផែនការពង្រីកការសាងសង់ហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញទីតាំងគម្រោងបន្ថែមទៀត ខណៈដែលម្ចាស់​គម្រោង​​មានទំនុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល ដែលបានផ្តល់​ការ​គាំទ្រ និង ការសម្របសម្រួល និង ជួយដោះស្រាយបញ្ហា​ប្រ​ឈម​​បានឆាប់រហ័ស និង មានប្រសិទ្ធភាព ជាពិសេស ការ​ដាក់​ចេញកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ។

ដោយឡែក, តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ស្ថិតនៅ​សង្កាត់​បិតត្រាំង ក្រុងកំពង់សោម ជាតំបន់ឧស្សាហកម្មចម្រុះ ដែលមានសហគ្រាសផលិតផលិតផល ដូចជា សម្ភារៈសំណង់, សម្ភារៈប្រើប្រាស់ក្នុងផ្ទះ, គ្រឿងបន្លាស់, សំបកកង់រថយន្ត, បន្ទះសូឡា, សម្ភារៈពេទ្យ, កាបូប, វ៉ាលី, សម្លៀកបំពាក់, និង ស្បែកជើង ជាដើម ។

ក្នុងឆ្នាំ ២០២៤, សហគ្រាសដែលកំពុងវិនិយោគនៅក្នុងតំបន់ មានចំនួន ១៩០ សហគ្រាស មកពីប្រទេសចិន អឺរ៉ុប អាមេរិក និង តំបន់អាស៊ីអាគ្នេយ៍, ប្រើប្រាស់កម្លាំងកម្មករ-និយោជិតជិត ៣០ ០០០ នាក់ ដែលមានប្រាក់ចំណូលប្រចាំខែ ប្រមាណ ៣០០ ដុល្លារអាមេរិក និង សម្រេចបានទំហំទឹកប្រាក់នៃការ​នាំចេញ-នាំចូលប្រមាណ ៣ ៦៧២ លានដុល្លារអាមេរិក គិតពីខែ មករា ដល់ខែ វិច្ឆិកា ឆ្នាំ ២០២៤ ។

ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មានគោលដៅ​ប្រែក្លាយទៅជាឧទ្យានឧស្សាហកម្មអន្តរជាតិមួយ ដែលមាន​សហគ្រាសសរុប ៣០០ និង អាចបង្កើតការងារបានចំនួន ៨០ ០០០ ដល់ ១០០ ០០០ នាក់ ។ ទន្ទឹមនេះ, ក្រុមហ៊ុនតំបន់​សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងធ្វើការអភិវឌ្ឍបន្ថែម លើផ្ទៃ​ដីដែលមិនទាន់អភិវឌ្ឍជាង ៥០០ ហិកតា លើផ្ទៃដីសរុប ១១១៣ ហិកតា ដូចជា ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ និង ប្រព័ន្ធលូ ទឹក និង អគ្គិសនី ជាដើម ដើម្បីបម្រើដល់ការទាក់​ទាញវិនិយោគថ្មីៗទៀត ខណៈដែលរាជរដ្ឋាភិបាលមាន​គោល​នយោបាយលើកទឹកចិត្តពិសេស និង ដាក់ចេញយន្តការជំរុញ​វិនិយោគនានា ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប បានគូសបញ្ជាក់ថា ការស្វែងយល់បញ្ហាប្រឈមរបស់វិនិយោគិន គឺជាភារកិច្ច​សំ​ខាន់របស់ក្រុមការងារ ដើម្បីស្វែងរកដំណោះស្រាយ និង ការ​សម្របសម្រួលផ្សេងៗ រួមទាំងការពន្យល់នានា ដើម្បីជំរុញ​ការ​អនុវត្តគម្រោងដោយរលូន និង បង្កើតបរិយាកាសវិនិយោគ​ល្អ​ប្រសើរ ។ ជាមួយនេះ, ក្រុមការងារប្តេជ្ញាចិត្តបន្តខិតខំ​ប្រឹងប្រែង​អនុវត្តកម្មវិធីពិសេសនេះ ឱ្យសម្រេចតាមគោល​បំណង​រាជ​រដ្ឋាភិបាល ដើម្បីជំរុញសម្ទុះសេដ្ឋកិច្ច, ជំរុញ​សកម្មភាពវិនិ​យោគ និង ដោះស្រាយបញ្ហាអគារគាំងនៅក្នុងខេត្ត ទន្ទឹមគ្នានឹង​កិច្ចខិតខំប្រឹងប្រែងទាក់ទាញការវិនិយោគក្នុងវិស័យឧស្សាហកម្ម និង វិស័យសំខាន់ៗផ្សេងៗទៀត ។

សូមជម្រាបជូនថា ក្នុងឆ្នាំ ២០២៤ ក្រុមហ៊ុនទាំងពីរធ្លាប់ស្នើមក​ក្រុមការងារ ដើម្បីដោះស្រាយការលំបាក និង សំណូមពរនានា ។ ផ្អែកតាមនេះ, ក្រុមការងារបានសម្របសម្រួល​ជាមួយរដ្ឋ​បាល​​ខេត្ត និង ក្រសួងស្ថាប័ន ដែលតែងតែផ្តល់កិច្ច​សហការ​ខ្ពស់ ហើយបានដោះស្រាយការលំបាក និង សំណូមពរមួយ​ចំនួន និង នៅសល់មួយចំនួនទៀត ដែលក្រុមការងារ​នឹងបន្ត​ពិនិត្យ ដើម្បីជំរុញ និង ចូលរួមការអភិវឌ្ឍខេត្តព្រះសីហនុ ស្របពេលដែលក្រុមការងារនឹងបន្តសម្របសម្រួលដោះស្រាយបញ្ហាប្រឈមរបស់វិនិយោគិន និង ធុរជននានានៅក្នុងទូទាំងខេត្តព្រះសីហនុ ។

ក្នុងន័យនេះ, ក្រុមការងារបន្តលើកទឹកចិត្តឱ្យធុរជន និង វិនិយោគិន ចូលរួមសហការផ្តល់ព័ត៌មាន, មតិ ឬ សំណូមពរ​ផ្សេងៗ តាមការជាក់ស្តែង ដើម្បីក្រុមការងារ​ស្វែងយល់ និង ស្វែងរកដំណោះស្រាយ និង ធ្វើការសម្របសម្រួល ៕

ដោយ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner