ហាម៉ាស់មានឆន្ទៈបន្តបទឈប់បាញ់បន្តទៀត
បរទេស៖ ក្រុមប្រដាប់អាវុធហាម៉ាស បាននិយាយថា ខ្លួននៅតែប្ដេជ្ញា នៅក្នុងកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយប្រទេសអ៊ីស្រាអែល។
ស្លាបប្រដាប់អាវុធ នៃក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Hamas និយាយថា ខ្លួនប្តេជ្ញាគោរព តាមកិច្ចព្រមព្រៀងបទឈប់បាញ់ ជាមួយអ៊ីស្រាអែល ដែលបានចាប់ផ្តើម ក្នុងខែមករា សូម្បីតែ បន្ទាប់ពីការផុតកំណត់ នៃដំណាក់កាលទី ១ របស់ខ្លួន មិនមានកិច្ចព្រមព្រៀង លើការបន្តនៅឡើយ ក៏ដោយ។
លោក Abu Obaida អ្នកនាំពាក្យ របស់កងពលតូច Ezzedine al-Qassam មានប្រសាសន៍ថា «ទោះបីជាមានការប៉ុនប៉ង របស់សត្រូវទាំងអស់ ក្នុងការគេចវេស ការភូតកុហក និងការបោកបញ្ឆោត ក៏ដោយ… យើងពេញចិត្ត និងនៅតែចូលចិត្តប្រកាន់ខ្ជាប់ នូវកិច្ចព្រមព្រៀងនេះ ដើម្បីសង្គ្រោះឈាមប្រជាជនរបស់យើង» ។
ដំណាក់កាលដំបូងនៃបទឈប់បាញ់ ដ៏ផុយស្រួយ ដែលភាគច្រើនបានបញ្ឈប់ ការប្រយុទ្ធគ្នា ជាង១៥ខែនៅហ្គាហ្សា បានឈានដល់ការបិទ នៅចុងសប្តាហ៍ បន្ទាប់ពីភាពស្ងប់ស្ងាត់ រយៈពេល៦សប្តាហ៍ ដែលរួមបញ្ចូលទាំងការផ្លាស់ប្តូរចំណាប់ខ្មាំង អ៊ីស្រាអែល ជាការដោះដូរសេរីភាព អ្នកទោសប៉ាឡេស្ទីន។
ខណៈពេលដែលអ៊ីស្រាអែល បាននិយាយថា ខ្លួនចង់បន្តដំណាក់ កាលទី១ រហូតដល់ពាក់កណ្តាលខែមេសា ក្រុមហាម៉ាស់បានទទូចថា ដំណាក់កាល ទីពីរ ដំណើរការទៅមុខ តាមការគ្រោងទុក៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត