ដំណាំស្វាយចន្ទីនៅកម្ពុជា នាឆ្នាំនេះ នឹងមានការកើនឡើង ខណៈទីផ្សារគេរំពឹងថា នឹងនៅតែរក្សាស្ថេរភាពល្អ

(ភ្នំពេញ)៖តាមរយៈតម្រូវការគ្រាប់ស្វាយចន្ទីដែលបានស្រូបទាញលើទីផ្សារ ពិសេសការនាំចេញទៅកាន់ក្រៅប្រទេសបានធ្វើឱ្យកំណើននៃការដាំដុះស្វាយចន្ទីក្នុងឆ្នាំ២០២៥នេះនឹងមានការកើនឡើង។ទន្ទឹមជាមួយការកើនឡើងនៃបរិមាណទិន្នផលគ្រាប់ស្វាយចន្ទីនេះដែរសម្រាប់តម្លៃលើទីផ្សារក៏ត្រូវបានគេរំពឹងថានឹងមានភាពលំនឹងល្អផងដែរ។

លោក អួន ស៊ីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ទូរទស្សន៍អប្សរាឱ្យដឹងថាក្នុងការសម្រុកដាំស្វាយចន្ទីនៅកម្ពុជាកន្លងមកនេះលោករំពឹងថាទិន្នផលស្វាយចន្ទីកម្ពុជានៅក្នុងឆ្នាំនេះនឹងមានការកើនឡើងបន្ថែមទៀត ដោយសារតែទិន្នន័យនៃការដាំដុះកន្លងមកមានខ្ពស់។ចំពោះបរិមាណដែលកើនឡើងនេះអាចលើសឆ្នាំមុននេះបន្តិចបន្តួច ទាំងអស់នេះដោយយោងតាមលក្ខខណ្ឌអាកាសធាតុ និងចំនូននៃផ្ទៃដីដាំដុះកន្លងមកមានកើនឡើងផងដែរ។

ប្រធានសមាគមស្វាយចន្ទីរូបនេះបានឱ្យដឹងដែរថា”ស្វាយចន្ទីគេចាប់ផ្តើមដាំច្រើនបំផុតក្នុងរយៈពេល៣ខែពោលគឺចាប់ពីខែ កក្កដា ដល់ខែតុលា”។

លោកបានបន្តឱ្យដឹងថា ការផលិតគ្រាប់ស្វាយចន្ទីនៅកម្ពុជាកាលពីឆ្នាំ២០២៤កន្លងមកក៏មានអត្រាការកើនឡើង ម្ល៉ោះហើយធ្វើឱ្យការនាំចេញទៅក្រៅប្រទេសបានសរុប ៨១៥ ០០០តោន គិតជាទឹកប្រាក់ ១ ១៥០ លានដុល្លារ ដោយបានកើនឡើង៣១ភាគរយ។ សម្រាប់ ការនាំគ្រាប់ស្វាយចន្ទីទៅកាន់ទីផ្សារប្រទេសវៀតណាមឆ្នាំកន្លងមកសរុបទាំងអស់ ៧៩៣ ៤៥៣ តោន។ បច្ចុប្បន្នកម្ពុជាមានសហគ្រាសកែច្នៃស្វាយចន្ទី ៥០ ក្នុងនោះ ៦ ជារោងចក្រធុនមធ្យម។ ចំពោះសមត្ថភាពផលិត ៧០០០តោន ទៅ ១៤០ ០០តោន ក្នុងមួយឆ្នាំ។ ៤៤សហគ្រាស ជាសិប្បកម្មលក្ខណៈគ្រួសារតូចៗ មិនមានផលិតកម្មពេញ១ឆ្នាំទេ។

គួរបញ្ជាក់ថាបើតាមឯកឧត្តម ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្មបានឱ្យដឹងនាកន្លងមកឱ្យដឹងថា៖ប្រទេសកម្ពុជាមានដីដែលសមស្របអាចដាំដុះដំណាំស្វាយចន្ទី ប្រមាណជា ១.២៨លានហិកតាហើយមានប្រភេទពួជដែលផ្តល់ទិន្នផលខ្ពស់ និង មានទំហំគ្រាប់ធំ (23) សមស្របតាមតម្រូវការទីផ្សារអន្តរជាតិ។

ឯកឧត្តមថ្លែងឱ្យដឹងដែរថា ”តាមលទ្ធផលនៃការសិក្សាវាយតម្លៃបានបង្ហាញថា ក្នុងឆ្នាំ២០២៤ ផ្ទៃដីដាំដុះដំណាំស្វាយចន្ទីទូទាំង ប្រទេសកម្ពុជាមានប្រមាណ ៥៨០ ១១៧ ហិកតា ហើយដំណាំស្វាយចន្ទីដែលស្ថិតក្នុងក្រឡាផ្ទៃនេះជាដំណាំ ដែលមានអាយុកាលផ្តល់ផលល្អផងដែរ។ ការសិក្សាផលិតផែនទីនេះត្រូវបានធ្វើឡើងក្នុងកម្រិតខេត្ត ហើយសង្កេត ឃើញថា ខេត្តកំពង់ធំមានផ្ទៃដីដាំដុះច្រើនជាងគេគឺប្រមាណ ១៤៧៧០០ ហិកតា បន្ទាប់មកមានខេត្តក្រចេះ ប្រមាណជា ១០២ ៥០០ ហិកតា និងខេត្តរតនគិរីប្រមាណជា៩៧ ២០០ ហិកតា។

ឯកឧត្តមលើកឡើងដោយបញ្ជាក់បន្ថែមថាតាមតួលេខនេះបង្ហាញថា ផ្ទៃដី ដាំដុះដំណាំស្វាយចន្ទីនៅកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣បើធៀបនឹងប្រទេសដាំដុះដំណាំស្វាយចន្ទីនៅលើពិភពលោក៕

ដោយ ៖ ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner