ប្រជាពលរដ្ឋនៅក្បែររោងចក្រផលិតដំណាប់ស្វាយ ក្រុមហ៊ុន KRR Processing Food Co., Ltd នៅខេត្តកំពង់ស្ពឺ រងផលប៉ះពាល់ដល់សុខភាព និងការរស់នៅ ដោយសារការបញ្ចេញសំណល់រាវរបស់រោងចក្រ នាពេលកន្លងមក

(កំពង់ស្ពឺ)៖ ឆ្លើយតបនឹងលិខិតបដិសេធរបស់ក្រុមហ៊ុន KRR Processing Food Co., Ltd ចុះថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ និងការលើកឡើងនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ របស់តំណាងក្រុមហ៊ុន មាន. លោក លី សេងខុង ជាម្ចាស់ភាគហ៊ុន . លោក ម៉ៅ ម៉េង ជាម្ចាស់ភាគហ៊ុន និង. លោក សៅ ពិសិដ្ឋ ជាអគ្គនាយកក្រុមហ៊ុន បានបដិសេធថា ពុំបានបង្ហូរទឹកកខ្វក់ទៅស្ទឹងសែនជ័យ ក្នុងភូមិសាស្រ្តឃុំយាយម៉ៅសែនជ័យ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់នៃក្រសួងបរិស្ថាន នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ បានបន្តចុះយកសំណាកទឹក និងចូលរួមជាមួយអ្នកសារព័ត៌មានសម្ភាសន៍ជាមួយប្រជាពលរដ្ឋ ដែលរស់នៅក្បែរទីតាំងរោងចក្រ KRR Processing Food Co., Ltd.។

ប្រជាពលរដ្ឋ បានលើកឡើងថា កន្លងមក រោងចក្របានបញ្ចេញសំណល់រាវ មានជាតិពុលចូលមកក្នុងស្ទឹងធម្មជាតិ ដែលមានទីតាំងនៅខាងក្រោយរោងចក្រ និងបានបង្កបញ្ហាបំពុលទឹកស្ទឹង និងបង្កផលប៉ះពាល់ ដល់ការរស់នៅរបស់ពួកគាត់ ដោយសារសំណល់រាវចេញពីការផលិតដំណាប់ស្វាយ ដែលត្រូវបានគេបង្ហូរចូលស្ទឹង ហើយពេលខ្លះនៅវេលាយប់ផងដែរ។

អ្នកស្រី សែម សុផា ប្រជាពលរដ្ឋភូមិសែនជ័យ ក្នុងឃុំយាយម៉ៅពេជ្រនិល បានលើកឡើងថា ពីមុនមិនទាន់មានរោងចក្រទឹកស្ទឹងសែនជ័យនេះ គឺជាប្រភពយ៉ាងសំខាន់នៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់យកមកស្រោចដំណាំ និងបន្លែបាន។ ក្រោយមករោងចក្របង្ហូរទឹកចូលមកក្នុងស្ទឹងនេះ ធ្វើឱ្យទឹកខូចគុណភាព មានខ្លិនមិនល្អ ប៉ះពាល់សុខភាព និងពំអាចប្រើប្រាស់បាន សូម្បីសត្វត្រីនៅក្នុងទឹកក៏ឃើញងាប់ផងដែរ ។

លោក តាន់ តេង រស់នៅភូមិ៣ ក្នុងឃុំស្រុកជាមួយគ្នា ជាអ្នកប្រកបរបរដាំដុះស្វាយ បានលើកឡើងស្រដៀងគ្នាថា ទឹកស្ទឹងនេះពីមុនគឺលោកអាចប្រើប្រាស់ បានទាំងអស់ ទៅលើការស្រោចដំណាំ និងសំរាប់ មនុស្សប្រើប្រាស់បាន ខណៈឥឡូវនេះ បន្ទាប់ពីរោងចក្របើកបង្ហូរទឹកកាកសំណល់ចុះមក ធ្វើឱ្យប៉ះពាល់សុខភាពយ៉ាងខ្លាំង ទឹកមានសភាពប្រែប្រួល ធំក្លិន និងប៉ះពាល់សុខភាព អាយុជីវិតជាដើម។

អ្នកស្រី ហុក ម៉េង រស់នៅជាប់មាត់ស្ទឹងភូមិជាមួយគ្នាដែរ បានបញ្ជាក់ថា កន្លែងនេះមានក្លឹនពីបាកទទួលយកបាន ពោលគឺមានក្លឹន ២៤ម៉ោងលើ២៤ម៉ោង ដែលជះមកគ្រប់ពេល ហើយពេលខ្លះពិបាកទទួលយកបាន ត្រូវជិះម៉ូតូចេញពីផ្ទះដើម្បីទៅរកទីតាំងដែលមានខ្យល់អាកាសល្អ មិនមានក្លិនឆ្ងាយពីផ្ទះ ។ អ្នកស្រីបន្ថែមថា សុខភាព កូនក្មេង និងមនុស្សចាស់ឈឺជាបន្តបន្ទាប់ នៅក្នុងភូមិក្បែរៗនេះ ។

ពាក់ព័ន្ធទៅនិងបញ្ហានេះផងដែរ ប្រជាពលរដ្ឋ ជាច្រើន បានសំណូមពរទៅដល់រាជរដ្ឋាភិបាល ក៏ដូចជាអាជ្ញាធរពាក់ព័ន្ធ សូមមេត្តាដោះស្រាយបញ្ហានេះ ព្រោះថាប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់នេះ និងអ្នករស់នៅជាប់ស្ទឹងសែនជ័យនេះ ពោលគឺនៅក្រោមប្រឡាយទឹក ដែលរោងចក្របានបញ្ចេញសំណល់រាវចូលមក គឺបានធ្វើឱ្យទឹកមានខ្លិនស្ងុយនិងមិនអាចប្រើប្រាស់បាន។

សូមបញ្ចាក់ថា ក្រុមការងារអធិការកិច្ច និងពង្រឹងការអនុវត្តច្បាប់ បានចុះពិនិត្យករណីបំពុលស្ទឹងសែនជ័យ ចំនួន ២លើករួចមកហើយ និងបានពិនិត្យក្នុងសំណាកទឹក ដែលយកចេញពីក្នុងរោងចក្រ និងទឹកលេចចេញពីរោងចក្រ មានសាធាតុពុល Chemical Oxygen Demand (COD) (សម្រាប់វាយតម្លៃគុណភាពទឹកពុល ឬ ល្អ) លើសស្តង់ដារកំណត់ ដែលបានបង្ហាញថា ទឹកស្ទឹងបានទទួលរងការបំពុល និងបង្កឲ្យមានផលប៉ះពាល់ដល់ជីវៈចម្រុះក្នុងទឹក រួមទាំងមិនអាចប្រើប្រាស់ទឹកបាន។ ក្នុងករណី COD កំហាប់វាខ្ពស់ខ្លាំង វាអាចបង្កឲ្យត្រីងាប់ភ្លាម។

ការយកសំណាកទឹកដែលហៀរចេញពីរោងចក្រ កន្លងមក មានកម្រិត COD លើសពី 3000 mg/l បណ្តាលមកពីសំណល់មានផ្ទុកកំហាប់ជាតិស្ករច្រើន ជាតិជូរផ្អូមចេញពីសាច់ស្វាយ និងការរលួយនៃកម្ទេចសាច់ស្វាយ ត្រូវបានគេបង្ហូរចូលក្នុងបរិមាណច្រើនម៉ែត្រគូប ចូលក្នុងប្រភពទឹកស្ទឹង។

សូមបញ្ជាក់ជូនថា ជាទូទៅសំណល់រាវចេញពីការផលិតដំណាប់ស្វាយ គឺមានកម្រិត COD ខ្ពស់លើសពី 10000mg/l ចំណែកឯទឹកកខ្វក់ចេញពីលំនៅដ្ឋាន ឬសំណលរាវចេញពីការលាងបន្លែ ផ្លែឈើ ឬការចោលសំណល់រឹងផ្សេងៗ ក្នុងលក្ខណៈជាគ្រួសារចូលក្នុងប្រភពទឹក គឺ COD មានកម្រិតមិនលើសពី 1000mg/l និងពុំមានបង្កបញ្ហាក្លិនស្អុយខ្លាំងដូចសំណល់ពីការផលិតស្វាយឡើយ។ លើសពីនេះ នៅតំបន់ដងស្ទឹង ដែលមានបញ្ហាបំពុលដោយសំណល់ទឹកស្វាយខាងលើនេះ ពុំមានរោងចក្រផលិតដំណាប់ស្វាយណាផ្សេង ក្រៅពីរោងចក្រ KRR Processing Food Co., Ltd. នោះទេ៕

ដោយ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ រិន រចនា

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner