មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ កាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែង ដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ
ឯកឧត្តមនេត្រភក្រ្តា រដ្ឋលេខាធិការ និងជាមន្ត្រីអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថាកាំភ្លើងកែច្នៃ និងកាំភ្លើងពិតជាការគំរាមកំហែងដល់សន្តិសុខអ្នកការពារព្រៃឈើ និងបាញ់សម្លាប់ជីវិតសត្វព្រៃ នៅ ៦ខែ ក្នុងឆ្នាំ២០២០ កាំភ្លើងកែច្នៃចំនួន ៤៩២ គ្រឿងត្រូវបានដកហូតពីប្រជាពលរដ្ឋ ។ ឯកឧត្តម មានប្រសាសន៍លើកឡើងបន្តថា នៅក្នុងការការពារនិងអភិរក្សតំបន់ជួរភ្នំក្រវាញដែលសហការរវាងក្រសួងបរិស្ថាន និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ កាំភ្លើងកែច្នៃចំនួន ១៦៥ ដើមត្រូវបានដកហូតពីព្រានព្រៃនៅក្នុងរយៈពេល ១៨ ខែចុងក្រោយនេះ។
មន្ត្រីឧទ្យានុរក្ស និងអង្គការដៃគូ បានសហការជាមួយអាជ្ញាធរមូលដ្ឋានចុះអប់រំ និងពន្យល់ប្រជាពលរដ្ឋរស់នៅតាមតំបន់ការពារធម្មជាតិ និងនៅតាមតំបន់ការពារធម្មជាតិឱ្យបានយល់ច្បាស់ ពីការប្រើប្រាស់អាវុធខុសច្បាប់ ការកែច្នៃអាវុធខុសច្បាប់ដែលត្រូវប្រឈមមុខច្បាប់។ ឯកឧត្តម រដ្ឋលេខាធិការ គូសបញ្ជាក់បន្តថា មន្ត្រីឧទ្យានរក្សនៃក្រសួងបរិស្ថាន នៅតាមតំបន់ធម្មជាតិនានា ក៏បានអំពាវនាវដល់ប្រជាសហគមន៍ដែលមានលាក់ទុកកាំភ្លើងកែច្នៃ ត្រូវប្រគល់ជូនសមត្ថកិច្ចនៅមូលដ្ឋានរបស់ខ្លួន ហើយក៏ជាការចូលរួមអនុវត្តគោលការណ៍ភូមិឃុំមានសុវត្ថិភាពផងដែរ។
កាំភ្លើងកែច្នៃ គឺជាអាវុធដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សសត្វ ហើយអ្នកកែច្នៃនិងអ្នកប្រើប្រាស់ សុទ្ធតែមនទោសដូចគ្នា។ ឯកឧត្តម នេត្រ ភក្រ្តា បានបន្ថែមថា តំបន់ដែលបានប្រើប្រាស់កាំភ្លើកែច្នៃច្រើនជាងគេរួមមានខេត្តព្រះវិហារ កំពង់ធំ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី កោះកុង ពោធិសាត់ កំពង់ស្ពឺ។ នៅពេលខ្លះ ក្រុមជនល្មើសបានប្រើប្រាស់កាំភ្លើងកែច្នៃ និងកាំភ្លើងគ្រាប់ពិតបាញ់តដៃមកលើក្រុមមន្ត្រីឧទ្យានុរក្ស និងសមត្ថកិច្ចផ្សេងទៀត នៅពេលចុះអនុវត្តច្បាប់ដែលទង្វើនេះជាបទល្មើស ដែលត្រូវផ្តាន្ទាទោសតាមច្បាប់ ៕