មេដឹកនាំសហភាពអឺរ៉ុបចូលរួមកិច្ចពិភាក្សាអំពីនីតិវិធីជ្រើសរើសប្រធានគណៈកម្មការអឺរ៉ុប
អត្ថបទដោយ៖
Kien Sereyvuth
បែលហ្ស៊ិក៖ លោក ដូណាល់ ថាស ប្រធានក្រុមប្រឹក្សាអឺរ៉ុប នៅក្នុងថ្ងៃអង្គារ៍នេះ បានបញ្ជាក់ថា បណ្ដាមេដឹកនាំប្រទេសជាសមាជិកសហភាពអឺរ៉ុប មិនបានពិភាក្សាពីឈ្មោះបេក្ខជនណាម្នាក់ឡើយ ក្រៅតែពីជជែកគ្នាពីនីតិវិធីជ្រើសរើស ប្រធានគណៈកម្មការអឺរ៉ុបថ្មី។
ថ្លែងប្រាប់អ្នកយកព័ត៌មានក្នុងសន្និសិទសារព័ត៌មានមួយ បន្ទាប់ពីជំនួបអាហារពេលល្ងាចរបស់មេដឹកនាំអឺរ៉ុប លោក ដូណាល់ ថាស បានលើកឡើងថា ផ្អែកលើកិច្ចព្រមព្រៀងមួយរបស់បណ្ដាមេដឹកនាំអឺរ៉ុប កាលពីខែកុម្ភៈ ឆ្នាំ២០១៨កន្លងទៅ ក្រុមប្រឹក្សាអឺរ៉ុបនឹងអនុវត្តតួនាទីរបស់ខ្លួន នៅពេលបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាអឺរ៉ុប អនុលោមតាមសន្ធិសញ្ញាអឺរ៉ុប។
ប្រធានក្រុមប្រឹក្សាអឺរ៉ុបរូបនេះ បានសង្កត់ធ្ងន់ថា អនាគតប្រធានគណៈកម្មាការអឺរ៉ុបថ្មីត្រូវតែទទួលបានការគាំទ្រពីសំឡេងភាគច្រើននៅក្នុងក្រុមប្រឹក្សាអឺរ៉ុប និងសំឡេងភាគច្រើនពីសមាជិកសភាអឺរ៉ុប៕ធ.ដ