សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់ទំនងជាអ្នកនៅពីក្រោយការវាយប្រហារលើកប៉ាល់ ទាំង៤គ្រឿងនៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម

សហរដ្ឋអាម៉េរិក៖ អ៊ីរ៉ង់ទំនងជាអ្នកស្ថិតនៅពីក្រោយការវាយប្រហារទៅលើកប៉ាល់ចំនួន០៤គ្រឿងនៅក្បែរប្រទេសអេមីរ៉ាត់អារ៉ាប់រួម កាលពីជាង០២សប្តាហ៍មុន នេះបើតាមការបញ្ជាក់របស់ទីប្រឹក្សាសន្តិសុខជាតិអាមេរិក លោក ចន បូលតុន។

បច្ចុប្បន្នអ្នកស៊ើបអង្កេតមួយក្រុមដែលមានអ្នកជំនាញមកពី០៥ប្រទេស ក្នុងនោះរួមមានទាំងសហរដ្ឋអាម៉េរិកផងដែរ កំពុងតែដឹកនាំការស៊ើបអង្កេតជុំវិញករណីវាយប្រហារកាលពីថ្ងៃទី១២ ខែឧសភាកន្លងទៅនេះ ដែលបានធ្វើឲ្យកប៉ាល់០៤គ្រឿងរងការខូចខាតនៅលើផ្ទៃសមុទ្រអ៉ូម៉ង់ ក្បែរទីក្រុង ហ្វូហ្សៃរ៉ា របស់អាមីរ៉ាត់អារ៉ាប់រួម។

ពាក់ព័ន្ធនឹងបញ្ហាខាងលើ លោក ចន បូលតុន នៅក្នុងថ្ងៃពុធនេះ បានថ្លែងប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងអាប៊ូដាប៊ី ប្រទេសអេមីរ៉ាត់អារ៉ាប់រួមថា កប៉ាល់ចំនួន០៤គ្រឿង ក្នុងនោះរួមមានកប៉ាល់ដឹកប្រេង០២គ្រឿងរបស់អារ៉ាប៊ីសាអូឌីត បានទទួលរងការវាយប្រហារពីគ្រាប់មីនក្រោមទឹក ដែលសឹងតែមានប្រភពមកពីអ៊ីរ៉ង់មួយរយភាគរយតែម្តង។

នាអំឡុងបំពេញទស្សនកិច្ចនេះ លោក បូលតុន គ្រោងនឹងជួបជាមួយរាជទាយាទអេមីរ៉ាត់អារ៉ាប់រួម ព្រះអង្គម្ចាស់ ហ្សេក ម៉ូហាមម៉េដ ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន ព្រមទាំងសមភាគីរបស់លោក គឺព្រះអង្គម្ចាស់ ហ្សេក តាហ័នួន ប៊ីន ហ្សេយេដ អាល់ណាហ៍យ៉ាន ដើម្បីពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី និងភាពតានតឹងក្នុងតំបន់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner