ក្រសួងមហាផ្ទៃ នឹងបន្តស៊ើបអង្កេតបណ្តឹងអនាមិកដែលប្តឹងលោកស្នងការ ខេត្តកណ្ដាល អ៊ាវ ចំរើន ប្រើអំណាចធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ
កណ្ដាល៖ យោងតាមប្រភពព័ត៌មានច្បាស់ការណ៍ថ្លែងប្រាប់បណ្ដាញព័ត៌មាន ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩នេះថា ក្រសួងមហាផ្ទៃកំពុងបន្តការស៊ើបអង្កេតបណ្តឹងអនាមិកដែលប្តឹងលោក ឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាល ខេត្តកណ្ដាល ដែលប្រើអំណាចផ្តាច់ការធ្វើបាបកូនចៅ និងប្រព្រឹត្តអំពើពុករលួយ ដែលមានរូបភាពផ្សេងៗគ្នាចំនួន១៦ករណី។
កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ស្នងការរងនគរបាលខេត្តកណ្ដាល ចំនួន៦រូប បានចូល បំភ្លឺនៅក្រសួងមហាផ្ទៃជាបន្តបន្ទាប់ រួមមាន៖ ទី១)លោកឧត្ដមសេនីយ៍ត្រី រឿន ណារ៉ា ទី២) លោកឧត្ដមសេនីយ៍ត្រី វ៉ែន សុវិន ទី៣)លោកឧត្ដមសេនីយ៍ត្រី ចាន់ សាវឿន ទី៤)លោកឧត្ដមសេនីយ៍ត្រី តុប សុវណ្ណ ទី៥)លោកឧត្ដមសេនីយ៍ត្រី សេង គីមឃន និងទី៦)លោកឧត្ដមសេនីយ៍ ត្រី ឈឿន សុចិត្ត។
ប្រភពព័ត៌មានដដែលបន្តថា ក្រសួងមហាផ្ទៃ នឹងបន្តសាកសួរមន្ត្រីនគរបាលផ្សេងទៀត ដែលពាក់ព័ន្ធ នឹងករណីនេះ ដើម្បីឱ្យដឹងការពិតថា តើលោកផ្កាយ២ អ៊ាវ ចំរើន បានប្រព្រឹត្តដូចបណ្តឹងអនាមិក ដែរឬទេ? ពាក់ព័ន្ធបញ្ហានេះ អ្នកយកពត៌មានយើង ពុំទាន់អាចសុំការបញ្ជាក់បន្ថែម ពីនាយឧត្ដមសេនីយ៍ ខៀវ សុភគ៌ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បាននៅឡើយទេ ដោយសារទូរសព្ទចូលគ្មានអ្នក ទទួល។
ការអញ្ជើញស្នងការរងនគរបាល ខេត្តកណ្ដាលទាំង៦រូបនេះ គឺយោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃផងដែរ។ ទោះបីយ៉ាងណា កន្លងមក លោកឧត្ដមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្ដាល ថ្លែងថា បណ្តឹង អនាមិកនេះ គឺក្នុងចេតនាបង្ខូចកេរ្តិ៍ឈ្មោះរបស់លោកតែប៉ុណ្ណោះ៕ធ.ដ