អាជ្ញាធរខេត្តកំពង់ធំ ជំរុញមន្ត្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធរួមគ្នាបង្ក្រាប បទល្មើសនេសាទ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការនេសាទនៅក្នុងរដូវ ត្រីពងកូន

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តកំពង់ធំ៖ អភិបាលខេត្តកំពង់ធំ លោក សុខ លូ បានជំរុញមន្ត្រីជលផល និងសមត្ថកិច្ចពាក់ព័ន្ធ រួមគ្នាបង្ក្រាប បទល្មើសនេសាទ និងអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការនេសាទនៅក្នុងរដូវត្រីពងកូន ដើម្បីរក្សាធនធានជលផលឲ្យសំបូរបែបឡើងវិញ។ ការជំរុញ និងអំពាវនាវបែបនេះ បានធ្វើឡើងក្នុងពេលដែលលោកអភិបាលខេត្ត ដឹកនាំក្រុមការងារចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋ នៅឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២៨ឧសភាម្សិលមិញ ក្រោយទទួលបានសេចក្តីរាយការណ៍ថា បទល្មើសនេសាទ កំពុងកើតឡើងពេញបន្ទុកនៅលើផ្ទៃបឹងទន្លេសាបនោះ។

លោក សុខ លូ ក្នុងឱកាសជួបជាមួយប្រជាពលរដ្ឋ ដែលភាគច្រើន គឺជាអ្នកប្រកបរបរនេសាទត្រី លោកបានថ្លែងជំរុញដល់មន្ត្រីជលផល រួមនឹងកម្លាំងសមត្ថកិច្ចជំនាញពាក់ព័ន្ធ ជាច្រើនអង្គភាពទៀត ត្រូវរួមគ្នាខិតខំទប់ស្កាត់ និងបង្ក្រាបការនេសាទត្រីខុសច្បាប់ នៅក្នុងរដូវត្រីពងកូន នៃរដូវកាលក្នុងការបិទនេសាទ ដែលមានរយៈពេល៦ខែ ចាប់ពីខែមិថុនា ដល់ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីរក្សាធនធានជលផល កុំឲ្យរងការវិនាសអន្តរាយ ដោយសារការប្រព្រឹត្តបទល្មើសនេសាទ ដែលក្រុមទុច្ចរិតបានប្រើប្រាស់ឧបករណ៍ហាមឃាត់ នៅក្នុងរដូវត្រីពងកូន។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបញ្ឈប់ការនេសាទត្រីដោយខុសច្បាប់ទៀត និងត្រូវចូលរួមទប់ស្កាត់បទល្មើសនេសាទនេះ គឺចាប់ផ្ដើមពីយើងម្នាក់ៗ និងប្រសិនបើបានដឹង ឬបានឃើញជនណាម្នាក់ ប្រើប្រាស់ឧបករណ៍នេសាទដែលច្បាប់ហាមឃាត់ សូមរាយការណ៍ជូនអាជ្ញាធរ មានសមត្ថកិច្ចជាបន្ទាន់ ដើម្បីចុះបង្ក្រាបឲ្យបានទាន់ពេលវេលា ហើយប្រសិនបើបងប្អូនចូលរួមអនុវត្ត យ៉ាងដូច្នេះបាន នោះបទល្មើសនេសាទនៅក្នុងបឹងទន្លេសាននឹងថយចុះ រីឯទិន្នផលត្រី ក៏សំបូរបែបឡើងវិញដែរ។

ឆ្លៀតក្នុងឱកាសនោះផងដែរ លោកអភិបាលខេត្ត ក៏បានសម្តែងការអរគុណ ចំពោះប្រជាពលរដ្ឋទាំងអស់ ដែលតែងតែគាំទ្រគណបក្សប្រជាជនកម្ពុជា មានសម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងជាប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនគ្រប់ពេលវេលា៕ធ.ដ

ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner