គំនរសំរាមជាប់របងវត្តកៀនស្វាយក្រៅក្បែរមណីយដ្ឋាន នៅតែជាបញ្ហាប្រឈម និងប៉ះពាល់បរិស្ថានយ៉ាងធ្ងន់ ធ្វើឲ្យបាត់បង់ភ្ញៀវទេសចរ ប្រជាពលរដ្ឋ ក្រុមអាជីវករ និងមន្ត្រីទេសចរណ៍ស្នើសុំអាជ្ញាធរ ពាក់ព័ន្ធបន្តដោះស្រាយ

ខេត្តកណ្តាល៖ គំនរសំរាមជាប់របងវត្តកៀនស្វាយក្រៅ ស្ថិតនៅក្នុងភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយក្បែរមណីយដ្ឋានកៀនស្វាយក្រៅ កាន់តែច្រើនគរខ្ពស់ឡើងៗហើយ បន្ទាប់ពីអាជ្ញាធរបានប្រើគ្រឿងចក្រ(សាហ្ស័រ) ចូកដឹកជញ្ជូនភ្នំសំរាមមួយនេះយកទៅចាក់ចោលទីលានសំរាមរបស់លោក ប៉ោ សេង នៅស្រុកស្អាងឯណោះ។ មន្ត្រីទេសចរណ៍បាននិយាយថា ភ្នំសំរាមមួយនេះ បានធ្វើឲ្យភ្ញៀវទេសចរថយចុះ និងអាជីវករជាច្រើនទៀតបាត់បង់មុខរបរ ដែលបណ្តាលមកពីប៉ះពាល់បរិស្ថានយ៉ាងធ្ងន់។ ប្រជាពលរដ្ឋនៅតំបន់នោះបានលើកឡើងដែរថា ភ្នំសំរាមមួយនេះ បានបង្កើតសត្វរុយជាច្រើននិងជះក្លិនស្អុយមិនត្រឹមតែបណ្តេញភ្ញៀវទេសចរប៉ុណ្ណោះទេ គឺថែមទាំងធ្វើឲ្យព្រះសង្ឃពិបាកគង់នៅ និងអាជីវករបាត់បង់មុខរបរទៀតផង។

លោក ម៉ៅ វណ្ណៈ ជាមន្ត្រីនៃមន្ទីរទេសចរណ៍ខេត្តកណ្តាល មានតួនាទីប្រមូលទិន្ន័យភ្ញៀវជាតិ និងអន្តរជាតិនៅរមណីយដ្ឋានកៀនស្វាយក្រៅ បាននិយាយឲ្យដឹងថា បញ្ហាគំនរសំរាមនេះ បានធ្វើឲ្យប៉ះពាល់ដល់បរិស្ថាន និងវិស័យទេសចរណ៍យ៉ាងធ្ងន់ វាបង្កឲ្យតូបនៅក្បែរនោះមិនអាចលក់ដូរបាន ព្រោះជះក្លិនស្អុយអាសោចដល់ភ្ញៀវទេសចរដែលចូលមកអង្គុយហូបអាហារនៅទីនោះ។ លោកបន្តថា ភ្ញៀវខ្លះបានចោទសួរ ហេតុអ្វីមានសំរាមច្រើនម្ល៉េះ តើគេអត់ដឹកយកទៅណាទេអី ហើយបញ្ហាគំនរសំរាមនេះ គឺវាពាក់ព័ន្ធទៅនឹងអ្នកគ្រប់គ្រងរមណីយដ្ឋាននេះ។ ចំពោះការគ្រប់បញ្ហាសំរាម គឺគាត់គ្រប់គ្រងមិនបានល្អទេ គាត់ធ្វើតែមួយពេលៗ មិនបានធ្វើជាប់ជាប្រចាំនោះទេ ជាហេតុបណ្តាលឲ្យសំរាមគរចោលកាន់តែច្រើនឡើងៗ។

ដោយសារពេលវេលាគាត់ធ្វើការមិនបានពេញលេញ ចំពោះអ្នកយកសំរាមមកចោល ពេលណាក៏គាត់យកមកចោលដែរ ហើយមិនមែនចោលតែអាជីវករនៅទីនេះទេ គឺមានទាំងប្រជាជនយើងនៅជុំវិញនេះ គាត់ចេះតែយកមកចោលនៅទីនេះដែរ។ លោកបានបន្ថែមថា តាំងពីមានគំនរសំរាមនៅទីនេះ វាបានធ្វើឲ្យភ្ញៀវទេសចរ មានការថយចុះច្រើន ដូច្នេះ លោកសំណូមពរឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធ សូមមានវិធានការចាត់ចែងបញ្ហាគំនរសំរាមនេះឲ្យបានល្អប្រសើរ ដើម្បីទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ មកកម្សាន្តនៅតំប់នេះឲ្យបានច្រើនច្រើនកុះករឡើងវិញ។

ពាក់ព័ន្ធការស្នើសុំនេះ លោក អ៊ូ ឈាង អភិបាលនៃគណៈអភិបាលស្រុកកៀនស្វាយ បានប្រាប់អ្នកយកព័ត៌មានតាមទូរសព្ទនៅព្រឹកថ្ងៃទី២៨ឧសភាម្សិលម៉ិញនេះថា បញ្ហាសំរាម លោកបានចាត់ឲ្យអភិបាលរងធ្វើការងារហ្នឹង ហើយក៏កំពុងចរចាតម្លៃសេវាជាមួយក្រុមហ៊ុន។ លោកថា កន្លងមកផ្សារនៅកៀនស្វាយក្រៅហ្នឹងនៅជាប់ដៃ លោក ម៉ក់ ពេជ្ជរិទ្ធ ប្រធានកាំកុងត្រូល ឥឡូវលោក ម៉ក់ ពេជ្ជរិទ្ធ បានដកដៃចេញហើយ វាជាការងាយស្រួលដល់លោកធ្វើការដែរ។ នៅក្នុងផ្សារកៀនស្វាយក្រៅនេះ គេបានឃើញមានលើកស្លាកដោយសរសេរថា ផ្សារមនុស្សធម៌។ ពាក់ព័ន្ធខ្លឹមសារផ្សារមនុស្សធម៌នេះ អាជីវករនៅក្នុងផ្សារបានលើកឡើងថា ការដាក់ស្លាកផ្សារមនុស្សធម៌ឯកឧត្តម ម៉ក់ ពេជ្ជរិទ្ធ ធ្វើឡើងដើម្បីឲ្យប្រជាពលរដ្ឋក្រីក្រលក់ដូរដោយមិនយកលុយថ្លៃស្តង់លក់ដូរទេ យកតែថ្លៃភាស៊ីសំរាមក្នុងមួយថ្ងៃពីរពាន់រៀលសម្រាប់ជួលឲ្យគេសំអាតសំរាម។ ក្រុមអាជីវករថា ការលក់ដូរលក់ដាច់ដោយថ្ងៃហើយពួកគាត់លក់តែថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យប៉ុណ្ណោះ ក្រៅពីនេះមិនលក់ទេ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner