លួចម៉ូតូពីខណ្ឌចំការមន ត្រូវម្ចាស់ដេញតាមទាន់ចាប់បាននៅខណ្ឌដូនពេញ
ភ្នំពេញ៖ ជនសង្ស័យម្នាក់ បានលួចយកម៉ូតូមួយគ្រឿងបានសម្រេច នៅមុខហាងលក់ស្រា អនឡាញ តាមបណ្ដោយផ្លូវ១៨៧ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ហើយបានព្យាយាមជិះរត់គេចខ្លួន ទាំងជនរងគ្រោះខំជិះដេញតាមរហូតដល់ផ្លូវ១៣០ កែងផ្លូវលេខ១៩ ជនសង្ស័យក៏បានដួល ធ្វើឲ្យពលរដ្ឋរស់នៅក្បែរនោះព័ទ្ធចាប់បាន និងប្រគល់ឲ្យសមត្ថកិច្ចកាលពីម៉ោង១២និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩។
ជនសង្ស័យឈ្មោះ លី ហេង (ហៅ ហេង) ភេទប្រុស អាយុ៣២ឆ្នាំ មុខរបបមិនពិតប្រាកដ ទីលំនៅក្នុងសង្កាត់ផ្សារកណ្ដាល១ ខណ្ឌដូនពេញ បានធ្វើសកម្មភាពលួចយកម៉ូតូម៉ាក Zoomer X ពណ៌ស លាយទឹកក្រូច ពាក់ស្លាកលេខ រតនគីរី 1B-6846 របស់ជនរងគ្រោះឈ្មោះ ម៉ៃ ឬទ្ធិ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមន្ត្រីប៉ូលិស ស្នាក់នៅសង្កាត់មិត្តភាព ខណ្ឌ៧មករា។
យោងតាមសម្ដីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានមកហាងត្រង់ទីតាំងកើតហេតុ ហើយបានចតម៉ូតូមុខហាងទាំងមិនបានដកសោ ព្រោះគិតថាចូលមួយភ្លែត ពេលនោះក៏លេចមុខជនសង្ស័យ ដើរមកក្បែរម៉ូតូរបស់ជនរងគ្រោះរួចឡើងបញ្ឆេះជិះរត់គេច ហើយត្រូវជនរងគ្រោះឃើញស្រែកឆោឡោ ព្រមទាំងជិះម៉ូតូដេញតាមតាំងពីម្ដុំវិទ្យាស្ថានវ៉ាន់ដារ (ខណ្ឌចំការមន) រហូតដល់ផ្លូវ១៣០ ក្នុងសង្កាត់ផ្សារកណ្ដាល២ ខណ្ឌដូនពេញ ទើបជនសង្ស័យជិះដួល ក៏ត្រូវជនរងគ្រោះនិងប្រជាពលរដ្ឋចាប់បាន រួចទាក់ទងទៅសមត្ថកិច្ចឲ្យមកទទួល។ ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្ដិ៍រដ្ឋបាលទំនប់ទឹក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន បានចុះទៅនាំខ្លួនជនសង្ស័យ និងជនរងគ្រោះ មកធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕ធ.ដ