អភិបាលខេត្តបាត់ដំបង អំពាវនាវឲ្យពលរដ្ឋត្រូវគោរពវិធានការ១០ចំណុច ស្តីពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីចៀសវាងការប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវ

អត្ថបទដោយ៖
Kien Sereyvuth

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្ត ក្មួយៗសិស្សនិស្សិត អ្នកប្រើប្រាស់លើដងផ្លូវ និងអ្នកធ្វើដំណើរនៅតាមដងផ្លូវ ត្រូវតែចូលរួមអនុវត្តន៍ឱ្យបាននូវអនុ សាសន៍របស់ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដោយបានថ្លែងថា “ ថ្ងៃនេះ ថ្ងៃស្អែក សូមកុំឱ្យមានគ្រោះថ្នាក់ចរាចរណ៍ ”។

ការថ្លែងបែបនេះ គឺធ្វើឡើងក្នុងឱកាសដែលរដ្ឋបាលខេត្តបាត់ដំបង ដោយមានកិច្ចសហការពីក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងបណ្តាអង្គភាពសមត្ថកិច្ចជំនាញពាក់ព័ន្ធ បានរៀបចំទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវ គោកលើកទី១២ ឆ្នាំ២០១៩ ដែលបានប្រព្រឹត្តទៅនៅខាងមុខបរិវេណក្រៅរបងមុខ “អគារនិវេសនដ្ឋាន” ដែលជាអតីតអគារសាលាខេត្តចាស់សម័យបារាំង ក្នុងគោលបំណង ដើម្បីការលើកកម្ពស់នៃការយល់ដឹងពីការប្រើប្រាស់នៅលើដងផ្លូវ ការគោរព និង អនុវត្តច្បាប់ចរាចរណ៍ផ្លូវ គោកឲ្យបានខ្ជាប់ខ្ជួន។ ពិធីនេះ ប្រព្រឹត្តទៅកាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ក្រោមអធិបតីភាពឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង និងជាប្រធានអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត និងវត្តមានឯកឧត្តម លោកជំទាវ ជាសមាជិកក្រុម ប្រឹក្សាខេត្ត អភិបាលរងខេត្ត និងពីមន្រ្តីរាជការ កងកម្លាំងទាំង៣ប្រភេទ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស និស្សិត ប្រមាណជាង៥០០នាក់។

ឯកឧត្តមអភិបាលខេត្តបាត់ដំបង បានថ្លែងបន្តថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្នគឺ ជាបញ្ហាប្រឈមចំពោះមុខ និងយូរអង្វែង ដែលបង្កឡើងដោយសារតែការបើកបរលើសល្បឿនកំណត់ មិនគោរពសិទ្ធិអាទិភាព មិនគោរពសញ្ញាចរាចរណ៍ វ៉ាប្រជែងដោយប្រថុយប្រថាន បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង មិនពាក់មួកសុវត្ថិភាព មិនពាក់ខ្សែក្រវាត់សុវត្ថិភាព ដែលបានបង្កឱ្យមានគ្រោះថ្នាក់ចរាចរណ៍ បង្កឲ្យមានអ្នករបួសពិការ ឬបាត់បង់ជីវិតមនុស្ស ព្រមទាំងខូចខាតទ្រព្យសម្បត្តិរដ្ឋ និងឯកជនយ៉ាងច្រើន បន្សល់ទុកនូវកូនកំព្រា ស្ត្រីមេម៉ាយ ពិការភាព សោកនាដកម្ម និងបានចំ
ណាយថិកាជាតិរាប់លានដុល្លារក្នុងមួយឆ្នាំៗ។ នៅក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បានអំពាវនាវ និងក្រើនរំលឹកដល់អ្នកចូលរួមទាំងអស់ ត្រូវយកចិត្តទុកដាក់នូវវិធានការដូចខាងក្រោម៖

១)អ្នកបើកបរម៉ូតូ និងអ្នកធ្វើដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវគ្រប់ៗ គ្នាទោះជិតឆ្ងាយ។

២)មុនពេលបើកបរយានជំនិះត្រូវត្រួតពិនិត្យបច្ចេកទេសឱ្យបានហ្មត់ចត់ និងលើកកម្ពស់ ស្មារតីប្រុងប្រយ័ត្នជានិច្ច។

៣)អ្នកបើកបររថយន្ត និងអ្នករួមដំណើរជាមួយទាំងអស់ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព ឱ្យបានគ្រប់ៗគ្នា។

៤)អ្នកបើកបរម៉ូតូ និងអ្នករួមដំណើរទាំងអស់ត្រូវពាក់មួកសុវត្ថិភាពឱ្យបានល្អ មិនថាជិតឬឆ្ងាយ។

៥)សូមបន្ថយល្បឿនបើកបរទៅតាមស្ថានភាពផ្លូវ និងស្ថានភាពចរាចរណ៍ ដូចជាផ្លូវកោង ជាដើម។

៦)មុននឹងវ៉ាជែងត្រូវដឹងច្បាស់ថា ផ្លូវខាងមុខទំនេរអាចវ៉ាជែងដោយសុវត្ថិភាព កុំប្រថុយប្រថាន។

៧)ពេលបើកបរត្រូវប្រកាន់ស្តាំជានិច្ច និងគោរពសិទ្ធិអាទិភាព គឺត្រូវបន្ថយល្បឿន។

៨)បើពិសាគ្រឿងស្រវឹងកុំបើកបរ បើបើកបរកុំពិសាគ្រឿងស្រវឹង ព្រោះបើស្រវឹង អ្នកបើកបរនឹងបាត់ភាពម្ចាស់ការលើខ្លួនឯង។

៩)ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកទំនិញមិនត្រូវផ្ទុកមនុស្ស ឬទំនិញលើសច្បាប់កំណត់។

១០)ក្នុងករណីមានគ្រោះថ្នាក់ចរាចរណ៍កើតឡើង ស្នើប្រជាពលរដ្ឋគ្រប់រូបមេត្តាអត់ធ្មត់ ខន្តី អាធ្យាស្រ័យ ជៀសវាងការប្រើអំពើហិង្សា ត្រូវរួមគ្នាដោះស្រាយតាមនីតិវិធីច្បាប់៕ធ.ដ

ដោយៈ អ៊ុក សំអាន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner