ប្រគល់ផ្ទះមួយខ្នងជូនដល់គ្រួសារមានជីវភាពខ្វះខាត នៅស្រុកជាំក្សាន្ត
ព្រះវិហារ៖ ផ្ទះមួយខ្នងមានទំហំ៥×៦ម៉ែត្រធ្វើអំពីឈើ ដំបូលប្រក់ស័ង្កសី ត្រូវបានប្រារព្ធពិធីប្រគល់ក្រោមវត្តមាន ឯកឧត្តម អ៊ុន ចាន់ដា ប្រធានកិត្តិយសសាខាបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ឯកឧត្តម សួស យ៉ារ៉ា អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះវិហារ ឯកឧត្តម ឡុង សុវណ្ណ ប្រធានក្រុមប្រឹក្សាខេត្តព្រះវិហារ។ ពិធីប្រគល់នេះធ្វើឡើង នៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ កម្លាំងប្រដាប់អាវុធ មន្ត្រីរាជការ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន៥៤ មកពី៧ភូមិ ក្នុងឃុំកន្ទួត។
លោក មូល ម៉ាប់ មេឃុំកន្ទួត បានលើកឡើងថា ផ្ទះទេវតា១ខ្នងនេះ គឺជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តាមរយៈថ្នាក់ដឹកនាំខេត្តព្រះវិហារ ដើម្បីប្រគល់ជូនឈ្មោះ ជិន ផា ភេទស្រី អាយុ៣៥ឆ្នាំ ជាគ្រួសារដែលមានជីវភាពខ្វះខាត ហើយត្រូវភ្លើងឆេះផ្ទះ កាលពីថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៩ ស្ថិតនៅភូមិមរតកតេជោ ឃុំកន្ទួត នៃស្រុកជាំក្សាន្ត និងបានផ្តល់អំណោយមនុស្សធម៌ដល់ប្រជាជនមានជីវភាពខ្វះខាតចំនួន៥៤នាក់ មកពី៧ភូមិ ក្នុងឃុំកន្ទួត ក្នុងឱកាសប្រគល់ផ្ទះទេវតានោះផងដែរ។
ជាមួយគ្នានោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បាននាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាត ដោយមិនប្រកាន់និន្នាការនយោបាយ ពូជសាសន៍ ពណ៌សប្បុរ សាសនាអ្វីឡើយ និងបានផ្តាំផ្ញើសុំឲ្យបងប្អូន ថែរក្សាសុខភាព ត្រូវហូបស្អាត ផឹកស្អាតជានិច្ច ហើយត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន។
សូមជម្រាបថា សម្ភារផ្តល់ជូនក្នុងមួយគ្រួសារៗ រួមមាន៖ អង្ករ២៥ គីឡូក្រាម មី១កេស ត្រីខ១ យួរ ទឹកស៊ីអីវ១ យួរ មុង១ សារុង១ ក្រមា១ ភួយ១ ថវិកាមួយចំនួន ចំណែកអ្នកទទួលបានផ្ទះទទួលបាន អង្ករ៥០គីឡូក្រាម មី២កេស ត្រីខ២យួរ ទឹកស៊ីអីវ១យួរ ភួយធំ១ មុងសុវត្ថិភាព១ ចានបាយ៤ ចានសម្ល២ ស្លាបព្រា ៤ វែកបាយ១ វែកសម្ល១ ឆ្នាំងបាយ១ ឆ្នាំងសម្ល១ សម្ភារ ថវិកាសប្បុរសជនរួមមាន អង្ករ និងថវិកាមួយចំនួន៕ធ.ដ
ដោយៈ សួន លីណា