អាជ្ញាធរខេត្តស្ទឹងត្រែង បានដាំកូនឈើចម្រុះជាង ៣០០ដើម នៅប្រប នឹងដងទន្លេសេកុង និងទន្លេមេគង្គ ដើម្បីអបអរបុណ្យរុក្ខទិវា ការកែលំអរបរិស្ថាន និងដើម្បីពញ្ញាក់ស្មារតីដល់យុវជន ឲ្យចេះស្រឡាញ់ និងការពារធនធានធម្មជាតិ ដែលជាសម្បត្តិដ៏មានតម្លៃរបស់ជាតិ

អត្ថបទដោយ៖
Kien Sereyvuth

ខេត្តស្ទឹងត្រែង៖ អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានដឹកនាំមន្ត្រីរាជការក្រោមឱវាទ មកពីគ្រប់មន្ទីរ ស្ថាប័ន អង្គភាព កងកម្លាំងទាំង៣ ជុំវិញរដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក សហភាពសហព័ន្ធ យុវជនកម្ពុជា និងខណ្ឌរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង នាំយកកូនឈើចម្រុះច្រើនប្រភេទ ៣៥០ដើម មកដាំនៅតាមបណ្តោយដងទន្លេសេកុង និងទន្លេមេគង្គ នៅក្នុងសង្កាត់ស្ទឹងត្រែង និងសង្កាត់ព្រះបាទ ស្ថិតក្នុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីថ្ងៃទី៩កក្កដា២០២០ ដើម្បីអបអរបុណ្យរុក្ខទិវា ។

អនុប្រធានគណៈកម្មាធិការ សហភាពសហព័ន្ធយុវជនកម្ពុជា ខេត្តស្ទឹងត្រែង លោក ម៉ែន គុង បានអោយដឹងថា កូនឈើរចម្រុះច្រើនប្រភេទ ចំនួន ៣៥០ដើម ត្រូវបានអាជ្ញាធរខេត្ត និងអាជ្ញាធរក្រុង នាំយកមកដាំនៅលើផ្ទៃដី ដែលប្រជាពលរដ្ឋយល់ព្រមរុះរើផ្ទះចេញ ហើយបានទៅសង់លំនៅដ្ឋាននៅទី តាំងផ្សេង ដែលមានសុវត្ថិភាពដល់ការរស់នៅ និងការប្រកបរបរចិញ្ចឹមជីវភាព។

លោកបន្តថា ផ្ទៃដីដែលត្រូវ ដាំកូនឈើនៅក្នុងពេលនេះ គឺស្ថិតនៅតាមបណ្តាយដងទន្លេសេកុង និងទន្លេមេគង្គ ចាប់ពីខាងមុខព្រះរាជ ដំណាក់ រហូតដល់គល់ស្ពានមេគង្គ «ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គស្ទឹងត្រែង» ដើម្បីលំអរសោភ័ណ្ឌ ភាពទីក្រុង ធ្វើអោយមានសម្រស់បៃតង មានខ្យល់បរិសុទ្ធ ប្រកបដោយភាពទាក់ទាញ និងក៏ដើម្បីពញ្ញាក់ ស្មារតីដល់យុវជនជំនាន់ក្រោយៗ មន្ត្រីរាជការ និងប្រជាពលរដ្ឋ អោយចេះស្រឡាញ់ធម្មជាតិ ស្រឡាញ់ ធនធានព្រៃឈើ និងចូលរួម នៅក្នុងការការពារធនធានធម្មជាតិ ដែលយើងកំពុងមាន នៅគ្រាបច្ចុប្បន្ន។

អភិបាលខេត្តស្ទឹងត្រែង លោក ម៉ុម សារឿន បានមានប្រសាសន៍ថា  ដើមឈើមានអត្ថប្រយោជន៍ យ៉ាងច្រើន ដល់មនុស្សជាតិ ជាពិសេស អាចការពារបាន នូវការបាក់ច្រាំងទន្លេ និងការកើតឡើង នូវគ្រោះ មហន្តរាយធម្មជាតិផ្សេងៗ បានយ៉ាងប្រសើរបំផុត។

លោកបានអំពាវនាវ ដល់ប្រជាពលរដ្ឋ យុវជន មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ត្រូវចូលរួមបណ្តុះគំនិតស្រឡាញ់ធនធានព្រៃឈើ ថែរក្សាការពារ សម្បត្តិធនធានធម្មជាតិ និងបរិស្ថានធម្មជាតិ ឲ្យបានគ្រប់ៗគ្នា និងគ្រប់មូលដ្ឋានរស់នៅ ហើយត្រូវចូលរួមដាំ កូនឈើនៅតាមសហគមន៍ ទីអារ៉ាម ភូមិដ្ឋាន នៅតាមដងផ្លូវ តំបន់រមណីយដ្ឋាន និងកន្លែងនានាជាច្រើន ទៀត ដើម្បីរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការការពារ ការអភិរក្ស និងទុកជាប្រយោជន៍ដល់ការ រស់នៅរបស់ខ្លួនយើងផង សហគមន៍យើងផង ជីវិតសត្វព្រៃគ្រប់ប្រភេទ និងប្រព័ន្ធជីវៈចម្រុះផងដែរ៕ ដោយ៖ឡុង សំបូរ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner