ក្រោយពីអនុវត្តន៍ទោសបាន២ខែ តុលាការសម្រេចដោះលែងកញ្ញា យិន ម៉ាណា ចេញពីពន្ធនាគារ

ភ្នំពេញ៖ បន្ទាប់ពីតុលាការកាត់ទោសឲ្យកញ្ញា យិន ម៉ាណា ដែលជាជនបង្កបើករថយន្ត Range Rover បុកនិស្សិតស្រីឈ្មោះ ឌុំ រីដា ស្លាប់នោះ ជាប់ពន្ធនាគារ១ឆ្នាំ តែអនុវត្តន៍ត្រឹម២ខែប៉ុណ្ណោះ ពេលនេះត្រូវបានតុលាការសម្រេចចេញដីកាដោះលែង ឲ្យមានសេរីភាពវិញហើយ។

យោងតាមមន្ត្រីជាន់ខ្ពស់ នៃសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ថា កញ្ញា យិន ម៉ាណា ត្រូវបានដោះលែងកាលពីល្ងាចម៉ោង៥ ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ ។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅ កញ្ញា យិន ម៉ាណា ត្រូវបានតុលាការសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារចំនួន១ឆ្នាំ ប៉ុន្តែទោសនេះ ត្រូវបានអនុវត្តន៍ត្រឹមតែ ២ខែប៉ុណ្ណោះ។ សាលក្រមនោះ ត្រូវបានប្រកាសដោយលោក អ៊ុក សុវណ្ណារិទ្ធ ប្រធានក្រុមប្រឹក្សារជំនុំជម្រះ និងមានអ្នកស្រី ស៊ឺ វណ្ណនី ជាតំណាងអយ្យការ។

គួររម្លឹកថា កាលពីរសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ កញ្ញា យិន ម៉ាណា បានបើករថយន្តម៉ាក Rang Rover ផ្លាកលេខភ្នំពេញ 2AF-7777 យ៉ាងលឿន ទៅបុកនិស្សិតឆ្នើម ឌុំ រីដា នៅលើផ្លូវលេខ៣១៧ កែងនឹងផ្លូវលេខ៥២៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ពេលដែលជនរងគ្រោះកំពុងជិះម៉ូតូ បណ្តាលឲ្យទាំងម៉ូតូ និងមនុស្សប៉ើងស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុតែម្តង៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner