សមាគមស្រាវជ្រាវសុខភាពប្រទេសចិន មកធ្វើការសិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព ឱកាសនៃការវិនិយោគ និងការផ្លាស់ប្តូរសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម សុខភាព និងពាណិជ្ជកម្ម នៅកម្ពុជា
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីព្រឹកថ្ងៃទី២៧ ខែឧសាភា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានទទួលជួបភ្ញៀវអញ្ជើញមកពីសមាគមស្រាវជ្រាវសុខភាពនៃសាធារណរដ្ឋប្រជាមានិតចិន (China Subhealth Research Association) ដឹកនាំដោយលោក Gan Jusheng អគ្គលេខាធិការនៃសមាគម និងសហការីដែលអញ្ជើញមកពីពហុជំនាញផ្សេងៗគ្នា។ ជំនួបនេះមានគោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញ និងកាផ្លាស់ប្តូរសកម្មភាពផ្សេងៗទាក់ទងនឹងវិស័យកសិកម្ម សុខភាព និងពាណិជ្ជកម្ម។
ឯកឧត្តម វេង សាខុន បានថ្លែងអំណរគុណជូនចំពោះប្រជាជន និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍប្រទេសកម្ពុជា ឲ្យមានការរីកចម្រើន និងជាពិសេសតាមរយ:គោលនយោបាយខ្សែក្រវាត់មួយ ផ្លូវមួយ របស់រដ្ឋាភិបាលចិន ដែលបានជួយឧបត្ថម្ភគាំទ្រដល់ការកសាងហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ដែលក្នុងនោះចំពោះវិស័យកសិកម្ម រដ្ឋាភិបាលចិនបានសម្រេចបង្កើនកូតានាំចូលអង្ករកម្ពុជាដល់៤០ម៉ឺនតោន ហើយថ្មីៗបានអនុញ្ញាតឲ្យកម្ពុជានាំចេញចេកអំបូងលឿងដោយត្រង់ទៅកាន់ទីផ្សារចិន។
ក្រៅពីនេះ ភាគីទាំងពីរបាននិងកំពុងសិក្សាពីនីតិវិធីច្បាប់ និងបច្ចេកទេសដើម្បីធ្វើការនាំចេញផ្លែស្វាយ ម្រេច មាន និងទឹកមាត់ត្រចៀកកាំ ហើយសង្ឃឹមថានឹងអាចចាប់ផ្តើមធ្វើការនាំចេញនាពេលឆាប់ៗខាងមុខនេះ។ ឯកឧត្តមរដ្ឋមន្ត្រីសង្ឃឹមនិងជឿជាក់ថា តាមរយ:គម្រោងខ្សែក្រវាត់មួយ ផ្លូវមួយ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ជាច្រើនថែមទៀត ក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេស ហើយរំពឹងថាភាគីចិន នឹងបន្តពិនិត្យ និងអនុញ្ញាតឲ្យកសិផលកម្ពុជា នាំចេញទៅកាន់ទីផ្សារចិនបន្ថែមទៀតនាពេល អនាគត។
លោក Gan Jusheng បានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ប្រតិភូអញ្ជើញមកនាថ្ងៃនេះ គឺមកពីសមាគម និងក្រុមហ៊ុនសំខាន់ៗ ទាក់ទងនឹងការធ្វើជំនួយផ្នែកឱសថ ការការពារសុខភាព កសិកម្ម ពាណិជ្ជកម្ម ការកែច្នៃ និងវប្បធម៌ គោលបំណងដើម្បីពង្រឹងចំណងមិត្តភាព សិក្សាស្វែងយល់អំពីសក្តានុពល លទ្ធភាព និងឱកាសនៃការវិនិយោគ ធ្វើជំនួញនៅប្រទេសកម្ពុជា។ លោកបន្តថា សាខាសមាគមប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្កើតឡើងតាំងពីឆ្នាំ២០១៦ ហើយក៏បានបន្តរៀបចំដំណើរទស្សនកិច្ចពហុវិស័យ ដែលមានបំណងមកវិនិយោគនៅកម្ពុជាបានចំនួន០៣លើកផងដែរ។
ចំពោះវិស័យកសិកម្ម សមិទ្ធផលដែលសមាគមសម្រេចបានកន្លងមក គឺបានជួយជំរុញការវិនិយោគដាំដុះផ្លែដូង នៅខេត្តក្រចេះ បានជាង១ពាន់ហិកតា។ ដើម្បីឲ្យវិស័យនេះ កាន់តែមានការអភិវឌ្ឍ លោកសង្ឃឹមថាក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នឹងផ្តល់ការគាំទ្រ កិច្ចសហការ និងលើកទឹកចិត្តចំពោះសមាគម និងវិនិយោគិនចិនដែលបាន កំពុងនិងរៀបចំផែនការវិនិយោគនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្រ្តី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះគណ:ប្រតិភូ ដែលបានអញ្ជើញមកធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងយល់បន្ថែមពីស្ថានភាព និងឱកាស នៃការវិនិយោគ ជាពិសេសក្នុងវិស័យកសិកម្ម លើដំណាំដែលជាវត្ថុធាតុដើមសម្រាប់ការកែច្នៃ និងផលិតជា ឱសថនៅកម្ពុជា៕ធ.ដ