អភិបាលខេត្តព្រះសីហនុ ស្នើអ្នកបើកបរទាំងអស់គោរពច្បាប់ និងយោគយល់គ្នាពេលបើកបរ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ
ទិវាសប្តាហ៍ជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកលើកទី១២ ត្រូវបានប្រារព្ធឡើងនៅសាលាខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩។ យោងតាមការលើកឡើងក្នុងទិវានេះ បង្ហាញថា
បញ្ហាគ្រោះថ្នាក់ចរាចរណ៍ គឺជាបញ្ហាប្រឈមគួរឲ្យព្រួយបារម្ភណ៍។
គ្រាដែលប្រទេសជាតិមានការអភិវឌ្ឍលើគ្រប់គ្រប់វិស័យ ជីវភាពពលរដ្ឋមានភាពធូរធារក្រោមដំបូលសន្តិភាពក្នុងការដឹកនាំរបស់រាជរដ្ឋាភបាលកម្ពុជា មានសម្តេចតេជោសែន ជាប្រមុខដឹកនាំ។ ទន្ទឹមនេះ នៅខេត្តព្រះសីហនុ ការកកស្ទះចរាចរណ៍តាមដងផ្លូវ និងគ្រោះថ្នាក់ចរាចរណ៍ ក៏កំពុងកើតមានគួរកត់សម្គាល់ ស្របពេលដែលខេត្តនេះ កំពុងមានកំណើនអភិវឌ្ឍន៍ នាំឲ្យមានកំណើនយានយន្ត និងកំណើនមនុស្ស។
ករណីកកស្ទះចរាចរណ៍នេះដែរ ត្រូវបានគេមើលឃើញថាបណ្តាលមកពីចំណុចមួយចំនួន ដូចជា ១)អ្នកបើកបរមិនគោរពច្បាប់ និងបើកមិនសូវមានការយោគយល់គ្នា ២)ការឈប់ ឬចតគ្មានសណ្តាប់ធ្នាប់ ខណៈនៅតាមអាហារដ្ឋាន សណ្ឋាគារ អាគារពាណិជ្ជកម្មខ្លះគ្មានចំណត ៣)ផ្លូវថ្នល់តូច មិនសមាមាត្រជាមួយកំណើនយានយន្ត ៤)ចិញ្ចើមផ្លូវរងការរំលោភធ្វើអាជីវកម្មជាដើម។
ដើម្បីដោះស្រាយបញ្ហានេះ ឯកឧត្តម យន្ត មីន អភិបាលខេត្តព្រះសីហនុ និងជាអនុប្រធានគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានផ្តល់អនុសាសន៍មួយចំនួនគឺ៖
១)ពិនិត្យលក្ខណៈបច្ចេកទេសយានយន្តឲ្យបានត្រឹមត្រូវ
២)អ្នកបើកបរត្រូវពាក់ខ្សែក្រវាត់ ឬមួកសុវត្ថិភាព
៣)កុំបើកលើសល្បឿនកំណត់
៤)កុំវ៉ាជែងដោយប្រថុយ
៥)គោរពសិទ្ធអាទិភាព និងយោគយល់គ្នាពេលបើកបរ
៦)កុំបើកបរក្នុងស្ថានភាពស្រវឹង
៧)កុំផ្ទុកលើសកំណត់
៨)អ្នកបើកបរ ត្រូវមានក្រមសីលធម៌។
ឯកឧត្តម យន្ត មីន និយាយថា បញ្ហាការកកស្ទះនេះ អាជ្ញាធរសមត្ថកិច្ចកំពុងគិតគូរដោះស្រាយចំពោះមុខ ដោយតម្រូវឲ្យ គឺ៖
១)ធ្វើផ្លូវឯកទិស
២)បន្តសកម្មភាព អប់រំផ្សព្វផ្សាយឲ្យបានទូលំទូលាយបន្ថែមទៀត
៣)វិធានការផាកពិន័យ ឬអនុវត្តវិធានការច្បាប់ឲ្យបានតឹងរឹងបំផុត។
តាមរយៈទិវានេះ ឯកឧត្តម យន្ត មីន មានរំពឹងថាអ្នកចូលរួមថ្ងៃនេះ នឹងយកខ្លឹមសារនេះទៅអប់រំផ្សព្វផ្សាយបន្តដល់ពលរដ្ឋបន្ថែមទៀត ដើម្បីជំរុញពួកគេឲ្យមានការចូលរួមទាំងអស់គ្នា ទើបអាចដោះស្រាយបញ្ហាកកស្ទះចរាចរណ៍ និងចៀសវាងការកើតគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
គួរបញ្ជាក់ថា សម្រាប់ខេត្តព្រះសីហនុ ក្នុងត្រីមាសទី១ឆ្នាំ២០១៩នេះ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងចំនួន៦៧ករណី ស្លាប់៤៥នាក់ របួស១១៩នាក់ បើធៀបឆ្នាំ២០១៨ បានកើនឡើង៦៦នាក់ ក្នុងនោះអ្នកស្លាប់បានកើន១៧នាក់ អ្នករបួសកើន៦៦នាក់។ នេះយោងតាមរបាយការណ៍នគរបាលចរាចរណ៍ខេត្តព្រះសីហនុ៕ធ.ដ