សមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បង្ក្រាបបានមេក្លោងជួញដូរគ្រឿងញៀនម្នាក់ និងរឹបអូសថ្នាំ៤៤កញ្ចប់
ភ្នំពេញ៖ មេក្លោងជួញដូរគ្រឿងញៀនដ៏សកម្មម្នាក់រួមជាមួយថ្នាំប្រភេទម៉ាទឹកកកចំនួន៤៤កញ្ចប់ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី២ សហការជាមួយកម្លាំងអន្តរាគមន៍ខណ្ឌពោធិ៍សែនជ័យ ធ្វើការឆ្មក់បង្ក្រាបបាននៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ ត្រង់ផ្លូវបេតុងភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
លោកនាយប៉ុស្តិ៍នគរបាលចោមចៅទី២ សាន ប៉ែត បានឲ្យដឹងថាជនសង្ស័យឈ្មោះ ញឹម វណ្ណែត អាយុ២៣ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិថ្មគោលទី១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។ លោក បានឲ្យដឹងថា នៅមុនពេលឃាត់ ជនសង្ស័យកំពុងធ្វើសកម្មភាពអង្គុយលក់ដូរថ្នាំនៅក្រោមដើមស្វាយ ភ្លាមៗនោះ កម្លាំងរបស់លោកក៏បានចាប់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង និងឆែកឆេរលើខ្លួនជនសង្ស័យរកឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤៤កញ្ចប់ផងដែរ។
បច្ចុប្បន្ន កម្លាំងជំនាញប៉ុស្តិ៍ចោមចៅទី២ កំពុងសួរនាំ និងកសាងសំណុំរឿងបញ្ជូនបន្តទៅកាន់ផ្នែកជំនាញគ្រឿងញៀននៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យដើម្បីចាត់ការបន្ត៕ធ.ដ