សមត្ថកិច្ចខណ្ឌសែនសុខឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីប្រើប្រាស់គ្រឿងញៀន
ភ្នំពេញ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល អូរបែកក្អម ឃាត់ខ្លួននៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១៤ និង៣០នាទី ករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្លូវបេតុង ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ជនសង្ស័យឈ្មោះ ម៉ៅ ចន្ទ្រា ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង សង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលឃាត់ខ្លួន ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មានថា នៅចំណុចខាងលើ មានជនសង្ស័យ០១នាក់ ប្រើប្រាស់គ្រឿងញៀន ហើយកំពុងអុកឡុកស្រែកឡូឡា ក្រោយពីទទួលព័ត៌មាន សមត្ថកិច្ចយើងចុះដល់ចំណុចកើតហេតុ នាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ និងត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ រកឃើញថា មានប្រើប្រាស់សារធាតុញៀន ក៏ឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ