សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត
ភ្នំពេញ៖ ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលប៉ុស្កិ៍រដ្ឋបាលគោកឃ្លាង ឃាត់ខ្លួន ករណីរំលោភលើទំនុកចិត្ត (ប្រើល្បិចខ្ចីម៉ូតូយកទៅបញ្ចាំ) កាលពីម៉ោង២៣ និង០០នាទីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ នៅក្នុងបុរីថៃឈុនគ្រីផ្ទះកំពុងសាងសង់ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ ជនសង្ស័យ ឈ្មោះ ឈី សុខហៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបើកអាប៊ុល ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិប៉ប្រកខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ (មានសារធាតុញៀន)។ ចំណែកជនរងគ្រោះ ឈ្មោះ ស្រិន សាន់ ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរជាងថ្មម៉ាប ស្នាក់នៅក្នុង ឃ្លាំងថ្មម៉ាប ផ្លូវបេតុង ភូមិត្រពាំងស្វាយ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារបាត់បង់ ៖ ម៉ូតូ០១គ្រឿង ម៉ាកឡែត ពណ៌សលាយក្រហម ផលិតឆ្នាំ២០១៩ ពាក់ស្លាកលេខក្រចេះ 1F-4717 (របស់ជនរងគ្រោះ)។
មន្ត្រីនគរបាលប៉ុស្តិ៍គោកឃ្លាងបានឲ្យដឹងថា មុនពេលកើតហេតុ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ វេលាម៉ោង១០ និង០០នាទី ជនរងគ្រោះកំពុងបិតថ្មម៉ាបនៅក្នុងផ្ទះគ្មានលេខកំពុងសាងសង់ (បុរីថៃឈុនគ្រី) ស្រាប់តែជនសង្ស័យដែលធ្លាប់ស្គាល់គ្នា ក៏បាននិយាយសុំខ្ចីម៉ូតូពីជនរងគ្រោះថា ខ្ចីម៉ូតូជិះទៅទិញអីហូបបន្តិច ហើយជនរងគ្រោះបានឲ្យម៉ូតូទៅជនសង្ស័យខ្ចីជិះ ក្រោយពីបាន ម៉ូតូជនសង្ស័យបានជិះម៉ូតូយកទៅបញ្ចាំ បានលុយចំនួន១.០០០.០០០រៀល យកទៅស៊ីចាយអស់លុយ រួចជនសង្ស័យគេចខ្លួន មិនយកម៉ូតូប្រគល់ឲ្យជនរងគ្រោះវិញ។
លុះដល់ថ្ងៃទី២៧-០៥-២០១៩ វេលាម៉ោង២៣ និង០០នាទី ជនរងគ្រោះឃើញជនសង្ស័យកំពុងបើកអាប៊ុលនៅភូមិគោកចំបក់ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ក៏បានឃាត់ខ្លួន ជនសង្ស័យប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍គោកឃ្លាងតែម្តង។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕ធ.ដ