សម្តេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញដល់ប្រទេសវៀតណាមដោយសុវត្ថិភាព
នៅវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ គណប្រតិភូជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានិងលោកជំទាវបានអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិណយបាយទីក្រុងហាណូយ ប្រកបដោយសុខសុវត្ថិភាពតាមជើងយន្តហោះ Cambodia Airwaysដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុកដើម្បីបំពេញទស្សនកិច្ចផ្លូវការ និងជាមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេលបីថ្ងៃតបតាមការអញ្ជើញរបស់លោកជំទាវង្វៀន ធី គឹមងិន ប្រធានរដ្ឋសភាវៀតណាម។
វត្តមានអញ្ជើញអមដំណើរសម្តេចអគ្គមហាពញាចក្រី ហេង សំរិន នាឱកាសនេះមានឯកឧត្តមឈាងវុន ប្រធានគណកម្មការកិច្ចការបរទេសសហប្រតិបត្តិការអន្តរជាតិឃោសនាការ និងព័ត៌មាននៃរដ្ឋសភា លោកជំទាវ បាន ស្រីមុំ អនុប្រធានគណកម្មការអប់រំយុវជនកីឡាធម្មការកិច្ចការសាសនាវប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា ឯកឧត្តមកែវពិសិដ្ឋ លេខាធិការគណកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ឯកឧត្តមសរចំរុង សមាជិកគណកម្មការសិទ្ធមនុស្សទទួលពាក្យបណ្តឹងអង្កេត និងទំនាក់ទំនងរដ្ឋសភាព្រឹទ្ធសភានៃរដ្ឋសភា ឯកឧត្តម ថោង វរលក្ខណ៍ តំណាងរាស្រ្តមណ្ឌលខេត្តព្រៃវែង ឯកឧត្តម ប៊ូឡាំ តំណាងរាស្រ្តមណ្ឌលខេត្តរតនគិរី។
ពេលអញ្ជើញដល់អាកាសយានដ្ឋានអន្តរជាតិ NOI BAI ទទួលសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងលោកជំទាវព្រមទាំងគណប្រតិភូ បានទទួលស្វាគមន៍ យ៉ាងកក់ក្តៅពី ឯកឧត្តម ង្វៀន វ៉ានហ្សូវ (NGUYEN VAN GIAU) ប្រធានគណៈកម្មាធិការកិច្ចការបរទេស នៃរដ្ឋសភា សាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ង្វៀន ម៉ាញ់ហុង (NGUYEN MANH HUNG) អនុប្រធានខុទ្ទកាល័យរដ្ឋសភាវៀតណាម មន្រ្តីជាន់ខ្ពស់រដ្ឋសភាវៀតណាមជាច្រើនរូបទៀត រួមទាំងឯកឧត្តម ប្រាក់ ងួនហុង ឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងមន្រ្តីស្ថានទូតកម្ពុជាជាច្រើនផងដែរ៕ធ.ដ