លោក ផែង វណ្ណៈ នឹងត្រូវតុលាការបើកការសាកសួរបន្តនៅថ្ងៃស្អែក តាមបណ្ដឹងលោក ខាន់ សុវណ្ណ
ភ្នំពេញ៖ ប្រភពព័ត៌មានមន្ត្រីពីសាលាដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៩ស្អែកនេះ ចៅក្រមសាលាដំបូង នឹងបង្គាប់ឲ្យអនុរក្សពន្ធនាគារព្រៃ-ស នាំខ្លួនលោក ផែង វណ្ណៈ មកកាន់តុលាការ ដើម្បីសាកសួរ ក្រោយការឃុំខ្លួននៅក្នុងពន្ធនាគារជិត២ខែ។
សូមជម្រាបថា ការកោះហៅជនត្រូវចោទ ផែង វណ្ណៈ ឱ្យចូលមកបំភ្លឺនេះ បានធ្វើឡើងបន្ទាប់ពីតុលាការ បានសាកសួរដើមបណ្តឹង គឺលោក ខាន់ សុវណ្ណ ពាក់ព័ន្ធនឹងការដាក់ពាក្យប្តឹងលោក ផែង វណ្ណៈ ចំនួន៥បទល្មើស កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩។ នៅក្នុងការឆ្លើយបំភ្លឺក្នុងនាមដើមបណ្តឹងនេះ លោក ខាន់ សុវណ្ណ បានរក្សាជំហរប្តឹង លោក ផែង វណ្ណៈ ដដែលដោយឥតមានការកែប្រែនោះទេ។
បើយោងតាមបណ្តឹង លោក ខាន់ សុវណ្ណ ដែលប្តឹងលោក ផែង វណ្ណៈ ចំនួន៥ករណីនោះ រួមមាន៖ បទហិង្សាដោយចេតនាគំរាមថានឹងសម្លាប់ បទបរិហារកេរ្តិ៍ជាសាធារណៈ បទជេរប្រមាថជាសាធារណៈ និងគំរាមកំហែងហែកកេរ្តិ៍ ដែលលោកផែង វណ្ណៈ ដែលបំពានទៅលើ លោក ខាន់ សុវណ្ណ ជាបន្តបន្ទាប់មុនពេលចាប់ខ្លួន។
ក្នុងពាក្យបណ្ដឹងនោះ លោក ខាន់ សុវណ្ណ បានស្នើសុំឱ្យតុលាការផ្ដន្ទាទោសលោក ផែង វណ្ណៈ តាមផ្លូវច្បាប់ ហើយទាមទារសំណងការខូចខាតចំនួន១លានដុល្លារ និងសំណងជំងឺចិត្តចំនួន២០ម៉ឺនដុល្លារ និងការខាតបង់ពេលវេលាសេវាកម្មច្បាប់១ម៉ឺនដុល្លារផងដែរ។
លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យថា ក្រោយពីបានពិនិត្យសំណុំរឿង និងការសាកសួរចម្លើយលើឈ្មោះ ផែង វណ្ណៈ រួចមក តំណាងអយ្យការបានសម្រេចបើកការស៊ើបសួរ ដោយចោទប្រកាន់ពីបទបរិហារកេរ្តិ៍ជាសាធារណៈ និងញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋជាអាទ៌ តាមមាត្រា៤៩៤ មាត្រា៤៩៥ និងមាត្រា៣០៥ នៃក្រមព្រហ្មទណ្ឌ ហើយបញ្ជូនបុគ្គលនេះ និងសំណុំរឿងទៅចៅក្រមស៊ើបសួរ ដើម្បីបន្តចំណាត់ការតាមនីតិវិធី។
សេចក្ដីសម្រេចចោទប្រកាន់នេះ បានធ្វើឡើងក្រោយពីលោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញារងអមតុលាការ បានសាកសួរលោក ផែង វណ្ណៈ តាំងពីល្ងាចថ្ងៃទី០២ ខែមេសា រហូតដល់ពេញមួយព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៩។
គួររំលឹកថា លោក ផែង វណ្ណៈ ត្រូវបានសមត្ថកិច្ចអាវុធហត្ថលើផ្ទៃប្រទេស ចាប់ខ្លួនកាលពីវេលាម៉ោង១០ព្រឹក ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ តាមដីកាបញ្ជារបស់លោក អ៊ុ សុភ័ក្រ ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ។ បន្ទាប់ពីមានពាក្យបណ្ដឹងរបស់លោក គី តិច មេធាវីរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕ធ.ដ