អភិបាលខេត្តកំពតបញ្ជាក់ថា បង្គោលព្រំដីនៅមាត់សមុទ្រតំបន់ភ្នំដូង សង្កាត់ត្រើយកោះ ជាដីកម្មសិទ្ធិពិតប្រាកដរបស់ពលរដ្ឋ

កំពត៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត បានបញ្ជាក់នៅក្នុងអង្គសន្និសិតសារព័តមាន នៅឯសាលា​ខេត្តកំពត នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ យ៉ាងដូច្នេះថា បង្គោលព្រំដីមានទីតាំង​នៅមាត់សមុទ្រ​តំបន់​ភ្នំដូង ក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលបណ្ដាញសង្គម Facebook បានបង្ហោះចុះផ្សាយនាពេលថ្មីៗនេះ ជាដីកម្មសិទ្ធពិតប្រាកដរបស់ប្រជាពលរដ្ឋមានច្បាប់ត្រឹមត្រូវ។ ឯកឧត្តម ជាវ តាយ ក៏បានបញ្ជាក់ថា តាមពិតរូបឯកឧត្តមទើបមកដឹកនាំខេត្តកំពត​មានរយៈពេលជាងមួយ​ឆ្នាំប៉ុណ្ណោះ ប៉ុន្តែដោយសារមានបាតុភាពបង្គោលព្រំដីក្នុងតំបន់ភ្នំដូងនេះ ឯកឧត្តមបានឲ្យអាជ្ញាធរ និង មន្ត្រី​ជំនាញ​ចុះ​ស្រាវជ្រាវផ្ទាល់លើទីតាំងជាក់ស្ដែង។ យោងលើឯកសារពាក់ព័ន្ធរបស់អាជ្ញាធរមូលដ្ឋាន និងជំនាញ​បានបញ្ជាក់ថា ដីនេះមានទីតាំងស្ថិតនៅខាងកើតភ្នំដូង ក្នុងភូមិបឹងតាព្រាម សង្កាត់ត្រើយកោះ ក្រុងកំពត។បើតាមអភិបាល​ខេត្តកំពត ដើមឡើយដីនេះ មានស្ថានភាពមិនដូចពេលនេះទេ គឺជាប្រភេទដីអូរចិញ្ចឹមបង្គា និងក្ដាមដែលអាចឲ្យប្រជាពលរដ្ឋចាប់យកដីនេះ ដើម្បីប្រកបរបរចិញ្ចឹមបង្គា និងក្ដាមដោយមាន ចំនួន១២​គ្រួ​សារ  ជាអ្នក​កាន់កាប់និងអាស្រ័យផល ហើយមានទំហំផ្ទៃដីសរុបស្មើនឹង ៤៥,៦១៤ហិចតា។ រហូតដល់ឆ្នាំ២០០៨ ប្រជាពលរដ្ឋបានដាក់ពាក្យស្នើសុំប័ណ្ណកម្មសិទ្ធិ កាន់កាប់ដីនេះស្របច្បាប់ ជូនទៅរាជ​រដ្ឋាភិបាល​តាមរយៈអាជ្ញាធរខេត្ត និងមានការសម្រេចជូនពីរាជរដ្ឋាភិបាល ឲ្យប្រជាពលរដ្ឋទាំង ១២គ្រួសារ​នេះ​ទៀតផង ព្រមទាំងយល់ព្រមឲ្យកែប្រែប្រភេទដីនេះ ទៅជាតំបន់ទេសចរណ៍ធម្មជាតិ ឬទេសចរណ៍កែច្នៃ ដែលឯកសារពាក់ព័ន្ធដី​កម្មសិទ្ធិ របស់ប្រជាពលរដ្ឋនេះ ត្រូវរដ្ឋបាលខេត្តបង្ហាញជូនអ្នកសារព័ត៌មាន តាមរយៈ​បញ្ចាំងស្លាយផងដែរ។

ឯកឧត្តម ជាវ តាយ បន្តបញ្ជាក់ទៀតថា ដោយក្នុងរយៈពេលកន្លងមកនេះ តែងតែមានការលេចឮ លើកឡើង​តាមប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដោយមិនមានភាពច្បាស់លាស់វាយប្រហារ មកលើរដ្ឋបាលខេត្តថា​មានការ​ស៊ុមគ្រលំ ពាក់ព័ន្ធការបោះបង្គោលដីក្នុងសមុទ្រនេះ។ ឯកឧត្តមបន្តថា រដ្ឋបាលខេត្តមិនមានបំណងណាមួយ គប់គិតដើម្បីលក់ដីរដ្ឋទៅឲ្យបុគ្គលណាម្នាក់នោះទេ គឺរដ្ឋបាលខេត្តជាតំណាង ឬជាសេនាធិការឲ្យរាជ​រដ្ឋាភិ​បាល ហើយអនុវត្តអ្វីក៏ត្រូវតែផ្អែកលើ ឯកសារជាបទដ្ឋានគតិយុត្ត ដែលមានចែង និងអនុញ្ញាតរបស់​រាជរដ្ឋា​ភិបាល មិនបានធ្វើអ្វីតាមចង់ ឬការនឹកឃើញឡើយ៕ សិលា សារិន

 

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner