ព្រឹកថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញទៅកាន់ប្រទេសជប៉ុន ដើម្បីចូលរួមសន្និសីទអន្តរជាតិ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាដ៏មានប្រជាប្រិយភាពនៅថ្ងៃអង្គារ ១០រោច ខែពិសាខ ឆ្នាំកុរ ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩នេះ អញ្ជើញដឹកនាំគណៈប្រតិភូចេញទៅបំពេញទស្សនកិច្ចនៅប្រទេសជប៉ុន។ ដំណើរអញ្ជើញទៅកាន់ប្រទេសជប៉ុននៅព្រឹកថ្ងៃនេះ គឺជាដំណើរលើកទី២៣ហើយ សម្រាប់សម្តេចតេជោ ហ៊ុន សែន នៅលើទឹកដីមហាអំណាចសេដ្ឋកិច្ច នៅទ្វីបអាស៊ីមួយនេះ។

យោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេស បានឱ្យដឹងថា ដំណើរបំពេញទស្សនកិច្ចនៅប្រទេសជប៉ុនចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែឧសភា សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមសន្និសីទអន្តរជាតិលើកទី២៥ ស្តីពីអនាគតរបស់អាស៊ី និងព្រឹត្តិការណ៍ជាច្រើនទៀត។

នៅក្នុងសន្និសីទអន្តរជាតិលើកទី២៥ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងថ្លែងសុន្ទរកថាគន្លឹះមួយលើមូលបទរបស់សន្និសីទ «ការស្វែងរកសណ្តាប់ធ្នាប់ពិភពលោកថ្មី-ការជម្នះភាពវឹកវរ» ព្រមទាំងចែករំលែកទស្សនវិស័យលើបរិបទសកលលោកបច្ចុប្បន្ន ចក្ខុវិស័យនាពេលអនាគត មាគ៌ាឆ្ពោះទៅមុខ និង ការប្តេជ្ញាចិត្ត និងរួមចំណែករបស់កម្ពុជា ក្នុងការលើកកម្ពស់ភាពសុខដុម សន្តិភាព និងវិបុលភាពរួមនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងក្នុងពិភពលោក។ ក្រសួងការបរទេស បានឱ្យដឹងទៀតថា បន្ទាប់ពីអញ្ជើញចូលរួមសន្និសីទហើយ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងមានជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីជប៉ុន លោក អាបេ ស៊ីនហ្សូ ដើម្បីពិភាក្សាអំពីបញ្ហាទ្វេភាគី តំបន់ និងអន្តរជាតិ ដែលជាការយកចិត្តទុកដាក់រួម។

ក្នុងឱកាសនោះ នាយករដ្ឋមន្ត្រីទាំងពីរ នឹងអញ្ជើញជាសាក្សីក្នុងការចុះហត្ថលេខាលើលិខិតផ្លាស់ប្តូរសារព្រមព្រៀង ស្តីពីការផ្តល់ជំនួយឥតសំណងរបស់ជប៉ុន សម្រាប់គម្រោងអភិវឌ្ឍន៍ប្រទេសកម្ពុជាចំនួន២ រួមមាន៖ ទី១-ការអនុវត្តកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (សាងសង់ស្ថានីយកុងតឺណឺ ដែលមានទឹកប្រាក់ ២០០លានយ៉េនជប៉ុន ប្រមាណ១,៨លានដុល្លារអាម៉េរិក) និង ២- ការអនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស ដែលមានទឹកប្រាក់៣៣៩លានយ៉េនជប៉ុន ប្រមាណជាង ៣លានដុល្លារអាម៉េរិក។ ក្នុងពេលស្នាក់នៅទីក្រុងតូក្យូ សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងជួបជាមួយឥស្សរជនជប៉ុន និងទទួលការចូលជួបសម្តែងការគួរសមពីតំណាងក្រុមហ៊ុនជប៉ុនជាច្រើនផងដែរ។

សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសិក្ខាសាលាស្តីពីការវិនិយោគនៅកម្ពុជា ដែលសហការរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន (JETRO) និង ធនាគារមីហ្ស៊ូហូ (Mizuho)៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner