បណ្ដាញនារីសង្កាត់ច្រាំងចម្រេះទី១ និងពលរដ្ឋក្រីក្រមានជំងឺ បន្តទទួលការជួយ ឧបត្ថម្ភពីប្រធានសមាគមនារីខណ្ឌឫស្សីកែវ
ភ្នំពេញ៖ ក្រុមការងារបណ្ដាញនារីសង្កាត់ច្រាំងចម្រេះទី១ លោកស្រី គង់ សុខា និងលោកស្រី មុំ សំអាត ដែលមានជំងឺ និងកំពុងបន្តសម្រាកព្យាបាលនៅគេហដ្ឋានរបស់ខ្លួន កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញ ទទួលបានការចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភជាថវិកាផ្ទាល់ពីសំណាក់លោកស្រី អាន ផល្លា ប្រធានអនុសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌប្ញស្សីកែវ តំណាងលោក ជា ពិសី អភិបាលខណ្ឌ និងជាសមាជិកក្រុមលេខាសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា។
នាឱកាសសួរសុខទុក្ខនេះ លោកស្រី អាន ផល្លា ជាពិសី បានលើកឡើងថា ដោយមានការដឹកនាំចង្អុលបង្ហាញចំគោលដៅពីថ្នាក់ដឹកនាំខណ្ឌ និងរាជធានី ជាពិសេសសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា សំខាន់គឺឲ្យយកចិត្តទុកដាក់លើប្រជាពលរដ្ឋក្រីក្រ លំបាក ចាស់ជរាជួបការខ្វះខាត ឬគ្មានទីពឹងជាដើម «ពោលគឺជាជនងាយរងគ្រោះ» ដាច់ខាតមិនត្រូវមើលរំលងឡើយ ក្នុងការស្វែងយល់ឲ្យស៊ីជម្រៅ ដើម្បីរិះរកដំណោះស្រាយជូន ដែលការឆ្លើយតបឲ្យទាន់ពេលវេលា។
ជាមួយគ្នានេះ ក្រៅពីចុះជួបសួរសុខទុក្ខ និងឧបត្ថម្ភថវិកាផ្ទាល់ជូនលោកស្រី គង់ សុខា និងលោកស្រី មុំ សំអាត ដែលជាក្រុមការងារបណ្ដាញនារីសង្កាត់ច្រាំងចម្រេះទី១ ក្នុងនាមអនុប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ លោកស្រី អាន ផល្លា ជាពិសី និងលោកស្រី សួស សូលីដា បានបន្តដឹកនាំសមាជិកក្រុមប្រឹក្សាខណ្ឌ -សង្កាត់ និងយុវជន ដើម្បីចុះសួរសុខទុក្ខ និងនាំយកអំណោយមានជាអង្ករ និងថវិកា របស់អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ មកឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងមានជំងឺចំនួន២គ្រួសារទៀត ក្នុងការរួមចំណែកជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ស្ថិតនៅក្រុម១២-ក្រុម១៤ ភូមិមិត្តភាព នៃមូលដ្ឋានសង្កាត់ឫស្សីកែវ៕ម.ន ដោយៈ ហាស់ កំសាន្ដ