សម្ដេចប្រធានរដ្ឋសភា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជាទៅបំពេញ ទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម និងឡាវ ដើម្បីពង្រឹងកិច្ចសហការ រវាងស្ថាប័នរដ្ឋសភានៃប្រទេសទាំង៣
តបតាមការអញ្ជើញរបស់លោកជំទាវ ង្វៀនធី គីមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងលោកជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅព្រឹកថ្ងៃទី២៨ ខែឧសភាឆ្នាំ ២០១៩ នេះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភាកម្ពុជាបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា អញ្ជើញទៅបំពេញទសនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ។
គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា ដឹកននាំដោយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ៣០ ខែឧសភាឆ្នាំ ២០១៩ បន្តដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពទៅកាន់សាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ចាប់ពីចាប់ពីថ្ងៃទី ៣០ ខែឧសភាដល់ថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩។ គណៈប្រតិភូកម្ពុជាបានធ្វើដំណើរទៅកាន់ប្រទេសវៀតណាមតាមរយៈក្រុមហ៊ុនអាកាសចរណ៍ខេមបូឌាអ៊ែរវ៉េ ដែលជាក្រុមហ៊ុនអាកាសចរណ៍ក្នុងស្រុក។
ដំណើរទស្សនកិច្ចជាផ្លូវការ និងមិត្តភាពនៅសាធារណរដ្ឋសង្គមនិយមវៀតណាម គណៈប្រតិភូរដ្ឋសភាកម្ពុជាជួបពិភាក្សាការងារទ្វេភាគី និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីវៀតណម និងចូលរួមកម្មវិធីសំខាន់ៗមួយ ចំនួនរួមមាន÷
-ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ជំទាវ វង្វៀនធី គីមងិន ប្រធានរដ្ឋសភានៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
-ជួបសវនាការ និងសម្តែងការគួរសមជាមួយឯកឧត្តម ង្វៀន ភូជុង អគ្គលេខាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម និងជាប្រធានរដ្ឋវៀតណាម។
-ជួបសវនាការ និងសម្ដែងការគួរសមជាមួយឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម។
-ជួបសវនាការ និងសម្តែងការគួរសមជាមួយនឹងឯកឧត្តម ជិន ថាញ់មិន ប្រធាន
គណៈកម្មាធិករមជ្ឈិមរណសិរ្យមាតុភូមិវៀតណាម។
-ខណៈពេលកំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម សម្ដេចអគ្គមហាពញាចក្រី ហេងសំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាបានអនុញ្ញាតឲ្យឯកឧត្តម វ៉ុ ម៉ៅ ប្រធានសមាគមមិត្ត ភាពកម្ពុជាវៀតណាមចូលជួបសម្តែងការគួរសម។
-ចុះហត្ថលេខាលើឯកសារកិច្ចសហប្រតិ បត្តិការរវាងរដ្ឋសភាអគ្គលេខាធិការដ្ឋានរដ្ឋសភានៃប្រទេសទាំងពីរ។
បន្ទាប់ពីបញ្ចប់ទស្សនកិច្ចជាផ្លូវការនៅប្រទេសវៀតណាម សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន បន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ជាន់ខ្ពស់រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាទៅបំពេញទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ គណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា នឹងជួបពភាក្សាទ្វេភាគី និងសម្ដែងការគួរសមជាមួយថ្នាក់ដឹកនាំសំខាន់ៗរបស់ភាគីឡាវ និងចូលរួមកម្មវិធីសំខាន់ៗមួយចំនួនមានជាអាទិ៍÷
-ជួបពិភាក្សាការងារទ្វេភាគីជាមួយលោក ជំទាវ ផានី យ៉ាថទូ ប្រធានរដ្ឋសភានៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
-ជួបសវនាការនិងសម្តែងការគួរសមជាមួយឯកឧត្តម ប៊ុនញ៉ាំង វ៉ូរ៉ាជិត ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។
-កិច្ចប្រជុំផ្លាស់ប្ដូរបទពិសោធន៍រវាងអគ្គលេខាធិការរដ្ឋសភាកម្ពុជា និងអគ្គលេខាធិការរដ្ឋសភាឡាវ។
សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូជាន់ខ្ពសរដ្ឋសភាធ្វើមាតុភូមិនិវត្តន៍មក កាន់មាតុប្រទេសវិញនៅរសៀលថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០១៩៕ម.ន