ព្រះមហាក្សត្រ និងសម្តេចម៉ែ ចាត់ទុកសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម

អត្ថបទដោយ៖
Kien Sereyvuth

ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតា នរោត្តមមុនីនាថ សីហនុ បានផ្ញើព្រះរាជសារថ្វាយព្រះពរជូនចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ក្នុងឱកាសពិធីជម្រើនជន្មាយុគម្រប់៨៥ ឈានចូល ៨៦ឆ្នាំ ។

សារលិខិតជូនពររបស់ព្រះអង្គទំាងទ្វេ ត្រូវបានម្ដេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្តីក្រសួងព្រះបរមរាជវាំង ព្រះរាជតំណាងដ៏ខ្ពង់ខ្ពស់របស់ព្រះអង្គទាំងពីរ យកមកជូនសម្តេចអគ្គមហាពញាចក្រី ដោយផ្ទាល់ នៅគេហដ្ឋានសម្តេចពញាចក្រី ក្នុងខណ្ឌចំការមន រាជធានីភ្នំពេញ នាថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩។

ក្នុងព្រះរាជសារលិខិត ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជា ព្រះរាជសារលិខិតរបស់ សម្តេចម៉ែ បានលើកឡើងថា សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាអ្នកស្នេហាជាតិដ៏ឧត្តុង្គឧត្តម បានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចគ្រប់ពេលវេលា ដើម្បីឧត្តមប្រយោជន៍ជូនជាតិ មាតុភូមិ និងប្រជារាស្រ្ត ទទួលបានសន្តិភាព និងការអភិវឌ្ឍគ្រប់វិស័យ។

ព្រះអង្គទាំងទ្វេ បានប្រសិទ្ឋពរជ័យ បវរសួស្តី សិរីមង្គល វិបុលសុខមហាប្រសើរ សូមសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ទទួលជោគជ័យថ្មីៗបន្តទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តម បម្រើជាតិ មាតុភូមិ និងប្រជារាស្រ្តកម្ពុជា ព្រមទាំងប្រកបដោយពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

 

 

 

 

 

 

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner