ផ្លូវក្រាលគ្រួសក្រហម តភ្ជាប់ពីក្រុងស្ទឹងត្រែង ទៅស្រុកសៀមបូក ត្រូវបានសម្ភោធដាក់ឲ្យប្រើប្រាស់
ខេត្តស្ទឹងត្រែង៖ រដ្ឋបាលខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី២៧ ឧសភា ២០១៩ បានរៀបចំពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវចំនួន៣ខ្សែ ស្ថិតនៅក្នុងភូមិសាស្រ្ត ក្រុងស្ទឹងត្រែង តភ្ជាប់ពីផ្លូវជាតិលេខ៧ ទៅកាន់ស្រុកសៀមបូក ក្រោមវត្តមាន ឯកឧត្តម ឡូយ សុផាត អ្នកតំណាងរាស្រ្តមណ្ឌលស្ទឹងត្រែង ឯកឧត្តម ផៃ ប៊ុនឈឿន រដ្ឋលេខាធិការក្រសួងបរិស្ថាន និងឯកឧត្តម ម៉ុម សារឿន គណៈ អភិបាលខេត្ត ព្រមទាំងមន្រ្តីរាជការជាច្រើនរូបផងដែរ ។
គួរបញ្ជាក់ថា៖ផ្លូវចំនួន៣ខ្សែនេះ មានប្រវែង១៤គីឡូម៉ែត្រ និងមានទទឹង៥ម៉ែត្រ ក្រាលដោយ គ្រួសក្រហម មានលូកាត់ទទឹងចំនួន៥កន្លែង ត្រូវបានគាំទ្រដោយថវិកាក្រសួងអភិវឌ្ឍន៍ជនបទ ។
លោកព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានគូសបញ្ជាក់ថា ៖ឆ្នាំ២០១៩នេះ ខេត្តស្ទឹងត្រែងបានទទួលគម្រោង អនុវត្តដោយកម្លាំងកងវិស្វកម្មក្រសួងការពារជាតិ បាននឹងកំពុងស្ថាបនាផ្លូវ ចំនួន១ខ្សែ ក្នុងស្រុកសៀមបូក ដែលមានប្រវែង១១គីឡូម៉ែត្រ និង១០០ម៉ែត្រ បន្ថែមទៀត ។
ឯកឧត្តម ឡូយ សុផាត បានពាំនាំនូវ ការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលជានិច្ចកាល សម្តេចទាំងពីរតែងតែគិតគូរយកចិត្តទុកដាក់ដល់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ
គ្រប់ទីកន្លែង ។ ឯកឧត្តម បានបន្ថែមថា÷ដោយមានការរីកចម្រើនលើគ្រប់វិស័យក្នុងប្រទេសជាតិរបស់យើង ក្រោមការដឹកនាំ ដ៏ឈ្លាសវៃប្រកបដោយកិត្តិបណ្ឌិត របស់សម្តចអគ្គមហាសេនាបតីតេជោ បានដឹកនាំប្រទេសជាតិឲ្យមានសុខសន្តិភាព បានរុងរឿងមកដល់បច្ចុប្បន្ននេះ ៕ម៉ាវិន