មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប ទទួលបានថវិកាជាង៨ពាន់ដុល្លារពីសប្បុរសជន តាមរយៈមូលនិធិនៃកម្មវិធី «អ្នកជាវីរបុរសរបស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន-វីតាល់»
ថវិកាសប្បុរសចំនួន៨ពាន់៦៥០ដុល្លារ បានមកពីមូលនិធិនៃកម្មវិធី «អ្នកជាវីរបុរសរបស់ក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន-វីតាល់» ត្រូវបាននាំយកមកប្រគល់ជូនមន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ ខណៈដែលមន្ទីរពេទ្យកុមារក្រុងសៀមរាបមួយនេះ ទទួលកុមារមករកសេវាសង្គ្រោះ និងព្យាបាលជំងឺក្នុងមួយថ្ងៃ ប្រមាណពី៥០០ទៅ៦០០នាក់។
លោក ងួន ចាន់ភ័ក្ត្រា នាយកមន្ទីរពេទ្យកុមារអង្គរ មានប្រសាសន៍ឲ្យដឹងថា កុមារដែលចូលមកទទួលសេវាសង្គ្រោះ ព្យាបាល និងថែទាំជំងឺនៅទីនេះ មិនមានការបង់ថ្លៃទេ មិនតែប៉ុណ្ណោះ មន្ទីរពេទ្យបានជួយឧបត្ថម្ភរបបហូបចុកបន្ថែម ដល់គ្រួសារកុមារក្រីក្រ កំពុងសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ ថែមទៀតផង។ មន្ទីរពេទ្យកុមារអង្គរ បានជួយសង្គ្រោះ និងព្យាបាលដល់កុមារលើសេវាសង្គ្រោះបន្ទាន់ វះកាត់បេះដួង និងពិនិត្យព្យាបាលជំងឺទូទៅ សម្រាប់កុមារអ្នកជំងឺធ្ងន់ មានបន្ទប់សម្រាប់សម្រាកព្យាបាលផងដែរ។
លោកជំទាវ ជឹង សុគន្ធាវី អគ្គនាយិកាក្រុមហ៊ុន អិនវីស៊ី ខបភើរេសិន-វីតាល់ មានប្រសាសន៍ថា មូលនិធីនៃកម្មវិធី«អ្នកជាវីរបុរសរបស់ក្រុមហ៊ុនទឹកពិសារវីតាល់» បានធ្វើឡើងរយៈពេលពីរខែកន្លងមកនេះ គឺចាប់ពីខែមីនា ដល់ខែឧសភាឆ្នាំ២០១៩ ដែលអនុញ្ញាតឲ្យសាធារណជនអាចចូលរួមបរិច្ចាគថវិកា ជួយកុមារមានជំងឺ និងកុមារក្រីក្រ ដោយគ្រាន់តែជាវទឹកវីតាល់ តាមបណ្តាទូម៉ាស៊ីនស្វ័យប្រវត្តិទាំង១៨ នៅតាមផ្សារទំនើបក្នុងរាជធានីភ្នំពេញ។ ជាលទ្ធផលក្នុងរយៈពេល២ខែកន្លងមកនេះ ប្រមូលបានថវិកាប្រមាណជា២០០០ដុល្លារ ហើយវីតាល់ក៏បានបរិចា្ចគបន្ថែមទឹកប្រាក់ឲ្យបានគ្រប់ចំនួន៨ពាន់៦៥០ដុល្លារ បរិច្ចាគជូនដល់មន្ទីពេទ្យកុមារអង្គរ តាមគម្រោងដែលបានគ្រោងទុក។
លោកជំទាវ បញ្ជាក់ថា នេះជាលើកទី៣ហើយ ដែល វីតាល់ បាននាំយកមូលនិធិសប្បុរស មកជួយដល់មន្ទីរពេទ្យកុមារអង្គរ ដែលឆ្នាំមុនៗបានជួយជាអង្ករ និងសម្ភារផ្សេងៗ។ នៅឆ្នាំបន្ទាប់ខាងមុខនេះ ក្រុមហ៊ុនទឹកពិសា វីតាល់ និងបន្តផ្តល់ការឧបត្ថម្ភជូនដល់មន្ទីរពេទ្យកុមារអង្គរខេត្តសៀមរាប រយៈពេល៣ឆ្នាំជាប់ៗគ្នា ដោយក្នុង១ឆ្នាំៗ មានអង្ករ១០តោន ព្រោះមន្ទីរពេទ្យកុមារមួយនេះ បានផ្តល់របបផ្គត់ផ្គង់ដល់គ្រួសារកុមារក្រីក្រមានជំងឺ ដែលសម្រាកព្យាបាលក្នុងមន្ទីរពេទ្យ៕ធ.ដ
ដោយៈ ម៉ី សុខារិទ្ធ