មន្ត្រីជំនាញអះអាងថា ចំណីម្ហូបអាហារដាក់លក់ក្នុងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ពុំមានលាយសារធាតុគីមីហាមឃាត់ឡើយ
សៀមរាប៖ មន្ត្រីជំនាញបានអះអាងថា ចំណីម្ហូបអាហារដែលដាក់លក់ក្នុងផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ ពុំមានលាយសារធាតុគីមីហាមឃាត់ឡើយ។ លោក ព្រៅ ខេមរិទ្ធ ប្រធានសាខាកាំកុងត្រូលខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងឱកាសចុះត្រួតពិនិត្យសុវត្ថិភាពចំណីម្ហូបអាហារ នៅផ្សារសម្តេចតេជោ ហ៊ុន សែន ដើមក្រឡាញ់ សង្កាត់គោកចក ក្នុងក្រុងសៀមរាប ខេត្តសៀមរាប នាព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៩នេះ មន្ត្រីជំនាញរបស់លោកពុំបានរកឃើញនូវសារធាតុគីមីហាមឃាត់ ដែលបានផ្ទុកនៅក្នុងម្ហូបចំណីគ្រប់ប្រភេទ និងទំនិញគ្រឿងឧបភោគបរិភោគមួយចំនួនដែលបានដាក់តាំងលក់នៅក្នុងផ្សារឡើយ។ បន្ទាប់ពីបានធ្វើតេស្ត និងការពិសោធរកសារធាតុគីមីនៅក្នុងម្ហូបអាហារមួយចំនួន រួមមានដូចជា៖ សណ្តែកបណ្តុះ ត្រីងៀត ប្រហិត សរសៃគុយទាវ គ្រឿងសមុទ្រជាច្រើនប្រភេទ និងសុពលភាពនៃការប្រើប្រាស់ហួសកាលបរិច្ឆេទគ្រប់ប្រភេទ សំដៅដល់គ្រឿងកំប៉ុង និងអីវ៉ាន់ចាប់ហួយនៅតាមតូបនានា និងក្នុងផ្សារជាដើម។
លោក ព្រៅ ខេមរិទ្ធ មានប្រសាសន៍ទៀតថា បើទោះបីជាលទ្ធផលចុះផ្សារនៅព្រឹកនេះ មន្ត្រីជំនាញ និងស្ថាប័នពាក់ព័ន្ធ បានធ្វើតេស្ដបឋមរកមិនឃើញសារធាតុគីមី នៅក្នុងទំនិញគ្រឿងហូបចុក ឬទំនិញខូចគុណភាពក្ដី ក៏លោកនៅតែបន្តការចែកចាយនូវស្លាក់សញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ដើម្បីអប់រំណែនាំពន្យល់អំពីបញ្ហាការវេចខ្ចប់ ការទុកដាក់ឲ្យមានអនាម័យល្អ ឬការលក់ដូរធ្វើយ៉ាងណាឲ្យមានការប្រុងប្រយ័ត្នជាមុន ទើបជាការប្រសើរ និងអំពាវនាវដល់ក្រុមអាជីវករលក់ដូរ ប្រជាពលរដ្ឋអ្នកប្រើប្រាស់ និងសាធារណជនទាំងអស់ រួមគ្នាទប់ស្កាត់ និងបញ្ឈប់ការប្រើប្រាស់សារធាតុគីមី នៅក្នុងគ្រឿងហូបចុក និងលក់ដូរនូវទំនិញហួសអាយុកាលប្រើប្រាស់ ក្លែងបន្លំ ឬទំនិញខូចគុណភាព ដែលជាអំពើខុសច្បាប់ ប្រឈមទៅនឹងទោសទណ្ឌក្នុងករណីធ្ងន់ផងដែរ។
លោកបានបញ្ជាក់ទៀតថា នេះគឺជាករណីចាំបាច់បំផុតសម្រាប់ក្រុមការងារជំនាញរបស់យើង នៅតែបន្តចុះត្រួតពិនិត្យ តាមដាន និងការអប់រំ ដើម្បីសុវត្ថិភាពលើម្ហូបអាហារ សម្រាប់បងប្អូនប្រជាពលរដ្ឋទូទៅឲ្យកាន់តែមានភាពល្អប្រសើរថែមទៀត៕ធ.ដ
ដោយៈ ស៊ាន សុផាត