គម្រោងជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្រាលកៅស៊ូ DBST ប្រវែង១៥៧០ម៉ែត្រ ក្នុងក្រុងកំពង់ឆ្នាំង សម្រេចបាន៦០%ហើយ
ខេត្តកំពង់ឆ្នាំង៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ឆ្នាំង បានឲ្យដឹងកាលពីរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ថា ការជួសជុលកំណាត់ផ្លូវជាតិលេខ៥ ក្រាលកៅស៊ូ DBST ប្រវែង ១៥៧០ម៉ែត្រ ក្នុងសង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមកដើម្បីឲ្យប្រជាពលរដ្ឋធ្វើដំណើរដោយសុវត្ថិភាព កែលម្អសោភ័ណភាព បញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ ក្នុងក្រុងកំពង់ឆ្នាំង គិតត្រឹមថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ម្សិលមិញនេះ សម្រេចបាន៦០%ហើយ។
ថវិកាដែលយកមកជួសជុល គឺជាថវិការបស់ក្រសួង អនុវត្តគម្រោងដោយមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង ជាពិសេសទទួលបានការសហការ និងអបអរសាទរពីប្រជាពលរដ្ឋ ដោយអនុវត្តន៍ទៅបានដោយរលូន។ ជាមួយគ្នានេះ មន្ទីរសាធារណការខេត្ត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមានទីលំនៅសងខាងផ្លូវ និងអ្នកធ្វើដំណើរសូមមេត្តាមានការយោគយល់ និងអធ្យាស្រ័យ ផលប៉ះពាល់មួយចំនួននៅក្នុងអំឡុងពេលជួសជុលផ្លូវនេះ៕ធ.ដ